ដោយ៖ សុផារី
ភ្នំពេញ៖ ប្រទេសកម្ពុជា ដែលតំណាងដោយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នៅថ្ងៃទី២៨ ខែមីនា បានជួបពិភាក្សាដោយផ្តោតសំខាន់ជាពិសេសទៅលើវិស័យចម្បងៗចំនួនបី រួមមាន វិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាហកម្ម។

ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានេះគឺជាបេសកកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) របស់លោកស្រីល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)។
ក្នុងជំនួបនេះ មានការចូលរួមពីតួអង្គជាង១៣០នាក់ មកពីស្ថាប័នសាធារណៈ និងវិស័យពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមហ៊ុនអន្តរជាតិហ្វ្រង់កូហ្វូនជិត៧០ក្រុមហ៊ុន។


បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍នេះ ដែល សហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការ OIF មានបំណងលើកកម្ពស់ជំរុញ និងសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចហ្វ្រង់កូហ្វូន តាមរយៈកិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសកម្ពុជា និងស្ថាប័នហ្វ្រង់កូហ្វូន៕







