ដោយ: ម៉ាលីស
ភ្នំពេញ: រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់មូលនិធិដល់កម្មវិធីកម្មវិធីអំណានថ្នាក់ដំបូង សម្រាប់សិស្សបឋមសិក្សានៅកម្ពុជា ដែលមានទឹកប្រាក់ចំនួន២៥លានដុល្លារអាមេរិក ត្រូវបានដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិនាឆ្នាំ២០២២នេះ។

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) បានរៀបចំពិធីប្រកាសការអនុវត្តជាផ្លូវការ គម្រោងអប់រំបរិយាបន្ននៅបឋមសិក្សា (IPEA) ក្រោមអធិបតីភាពលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកPatric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីដៃគូអភិវឌ្ឍនានា។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID) បានបង្កើតកម្មវិធីអំណានថ្នាក់ដំបូង (EGR) ដែលគេស្គាល់ជាទូទៅថា ជាគម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង បានធ្វើការក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា និងភាពជាដៃគូសកលសម្រាប់ការអប់រំ ដើម្បីអនុវត្តកម្មវិធីអំណានសម្រាប់ថ្នាក់ទី១ និងទី២ នៅសាលារដ្ឋចំនួន២៥០០សាលា ក្នុងខេត្តគោលដៅចំនួន៨។

ផ្អែកលើសមិទ្ធិផលរបស់គម្រោង គាំទ្រភាសាខ្មែរថ្នាក់ដំបូង (ACR-Cambodia) យើងនឹងបន្តអនុវត្តគម្រោងអប់រំបរិយាបន្ន នៅបឋមសិក្សា (IPEA) ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធក្នុងវិស័យអប់រំផ្សេងៗទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់កម្មវិធីសិក្សាកម្រិ តថ្នាក់ដំបូង ដល់សិស្សានុសិស្សនៅទូទាំងប្រទេស ដោយធានាថា គ្មានកុមា រណាម្នាក់ត្រូវបានគេមើលរំលង រួមទាំងកុមារដែលមានពិការភាពផងដែរ។
លោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភា្នក់ងារជំនួយសហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេ ស ដល់គម្រោងគាំទ្រភាសាខ្មែរថ្នាក់ដំបូង ទទួលបានលទ្ធផលល្អប្រសើរ។
អំណានគឹជាមូលដ្ឋានគ្រឹៈ ក្នុងការពង្រឹងគុណភាពអប់រំ ក្នុងការបន្តការសិក្សាទៅមធ្យមសិក្សា និងឧត្តមសិក្សា។ វិធីសាស្ត្របង្រៀនអំណានដំបូងត្រូវបានរៀបចំឡើងដើម្បីជួយគ្រូ ក្នុងការដឹកនាំការបង្រៀន និងរៀនកាន់តែសកម្ម ការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព៕

តាមរយៈការអនុវត្តសកម្មភាពក្នុងថ្នាក់រៀនតាមគោលការណ៍ខ្ញុំធ្វើ យើងធ្វើ និងអ្នកធ្វើ វិធីបង្រៀនអំណានដំបូងនេះ ប្រមូលផ្តុំនូវវិធីសាស្រ្តពីរ គឹវិធីសាស្រ្តប្រកប និងវិធីសាស្រ្តសរុប ជួយឱ្យកុមារចេះប្រកប ជួយឱ្យការចងចាំ ដោយបង្ហាញជារូបភាព និងជួយពង្រឹងឱ្យកុមារចេះស្គាល់សូរ ស្គាល់តួរអក្សរ ចេះអានព្យាង្គ និងពាក្យ ចេះអានស្ទាត់ អានយល់ន័យអំណានលឺ អំណានដៃគូរ អំណានបុគ្គល ដោយប្រើសៀវភៅរឿងខ្លីៗសម្រាប់សិស្សអានចំនួន៦០ចំណងជើង៕







