ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងកើនឡើងដល់១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ

ដោយ៖ សុផារី

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាង១៧ដង រហូតឈានដល់១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយមានក្រុមហ៊ុនកូរ៉េប្រមាណជា៣០០ក្រុមហ៊ុនបានវិនិយោគផ្ទាល់នៅកម្ពុជាក្នុងវិស័យនានា ដូចជាវិស័យកាត់ដេរ ហិរញ្ញវត្ថុ សំណង់ និងកសិកម្មជាដើម។

នេះបើតាមការបញ្ជាក់របស់លោក ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្ឋទូតសាធារណកូរ៉េខាងត្បូងប្រចាំកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ២១ ក្រោមថវិកាកម្ចីរបស់សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា បន្ទាប់ពីការកសាងទំនាក់ទំនងការទូតឡើងវិញ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាង១៧ដង រហូតឈានដល់១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយមានក្រុមហ៊ុនកូរ៉េប្រមាណជា៣០០ក្រុមហ៊ុនបានវិនិយោគផ្ទាល់នៅកម្ពុជាក្នុងវិស័យនានា ដូចជាវិស័យកាត់ដេរ ហិរញ្ញវត្ថុ សំណង់ និងកសិកម្មជាដើម។

លោកទូតបន្ថែមទៀតថា មកដល់ពេលនេះកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងឡើងវិញមានរយៈពេល២៥ឆ្នាំហើយ។ តាមរយៈទំនាក់ទំនងវិវឌ្ឍដ៏ល្អនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។

លោកបន្តថា ជំនួយអភិវឌ្ឍផ្លូវការ (ODA) របស់កូរ៉េ ចាប់តាំងពីការសាងទំនាក់ទំនងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ មកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកូរ៉េបាននិងកំពុងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការផ្តល់ជំនួយឥតសំណង និងឥណទានសម្បទានសរុបជាង ៩រយលានដុល្លារលើវិស័យនានា មានដូចជា វិស័យហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងការអប់រំជាដើម។ បន្ថែមពីលើនេះ កូរ៉េគ្រោងនឹងអនុវត្តគម្រោងODA ដែលមានទំហំធំជាងមុនៗ ដែលមានទឹកប្រាក់រហូតដល់១៥០លានដុល្លារ។

លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថា ទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា និងកូរ៉េ ក៏បានចូលរួមចំណែកយ៉ាងធំក្នុងការបង្កើតការងារនិងការប្រមូលរូបិយប័ណ្ណអន្តរជាតិសម្រាប់កម្ពុជាផងដែរ។ តាមរយៈការនាំចេញកម្លាំងពលកម្មក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ បច្ចុប្បន្ននេះមានពលករកម្ពុជាប្រមាណជា៤ម៉ឺន៥ពាន់នាក់ កំពុងបម្រើការងារក្នុងវិស័យឧស្សាហកម្មកូរ៉េ ប្រកបដោយភាពស្មោះត្រង់ និងទទួលបាននូវការទទួលស្គាល់សមត្ថភាពពីសំណាក់និយោជកកូរ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here