ដោយ៖ សុផារី
ភ្នំពេញ៖ កម្ពុជារំពឹងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌអាស៊ាន (ASEAN+1 FTA) នឹងជម្រុញកំណើនការនាំចេញប្រចាំឆ្នាំប្រមាណ៧,៣% និងកិច្ចព្រមព្រៀងអាសិបនឹងជួយជំរុញកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជាប្រមាណ២% លើកំណើនដែលមានស្រាប់។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ការទទួលបានច្រកទីផ្សារបន្ថែមលើកិច្ចព្រមព្រៀងដែលកម្ពុជាមានជាមួយប្រទេសដៃគូទាំងប្រាំ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ក្រោមក្របខ័ណ្ឌអាស៊ាន (ASEAN+1 FTAs) នឹងជួយជំរុញកំណើនការនាំចេញប្រចាំឆ្នាំរបស់កម្ពុជាប្រមាណ៧,៣%។
សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងថា ក្នុងនោះ កម្ពុជាទទួលបាន ៩៥,៧០%ពីអូស្ត្រាលី ៨៥%ពីចិន ៩៩,៦៥%ពីជប៉ុន ៨៨%ពីកូរ៉េខាងត្បូង និង៩៧,៣៥%ពីនូវែលសេឡង់។ យ៉ាងណាក្តី វិធានប្រភពដើមទំនិញកម្ពុជាមានភាពបត់បែន និងមានជម្រើសច្រើនក្នុងការប្រើប្រាស់។

ក្រសួងបានឱ្យដឹងថា ការទទួលបានការវិនិយោគបរទេសច្រើន ដោយសារកម្ពុជាជាទីតាំងភូមិសាស្ត្រត្រង់ចំណុចកណ្តាលនៃតំបន់អាស៊ាន ដែលគេរំពឹងថានឹងមានកំណើនប្រចាំឆ្នាំប្រមាណ២៣,៤%។
ការទទួលបានក្របខ័ណ្ឌពង្រឹងសេដ្ឋកិច្ចថ្មីស្របពេលកម្ពុជាបានត្រៀមខ្លួនរួចរាល់ បន្ទាប់ពីរាជរដ្ឋាភិបាលយកឈ្នះការគំរាមកំហែងខ្លាំងពីជម្ងឺកូវីដ-១៩ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងកន្លងមក ។ល។ កិច្ចព្រមព្រៀងអាសិបនឹងជួយជំរុញកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជាប្រមាណ២% លើកំណើនដែលមានស្រាប់។
ទោះជាយ៉ាងណា គោលនយោបាយមួយចំនួនដែលកម្ពុជាត្រូវអនុវត្តដើម្បីទទួលបានអត្ថប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងអាសិប។ គោលនយោបាយនោះ រួមមាន ការបន្តរក្សាការកែទម្រង់ទីផ្សារ ការពង្រឹងសកម្មភាពឧស្សាហកម្មក្នុងស្រុក ការទាញយកផលប្រយោជន៍ចេញពីការតភ្ជាប់ពាណិជ្ជកម្មរវាងចិន-ជប៉ុន-កូរ៉េខាងត្បូង ការធ្វើពិពិធកម្មផលិផលនាំចេញជាជាងពឹងផ្អែកតែលើវិស័យវាយនភណ្ឌនិងសម្លៀកបំពាក់ ការពង្រឹងសមត្ថភាពផ្នែកសេវាកម្មឌីជីថលនិងតាមប្រព័ន្ធអេឡិចត្រូនិក ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍជំនាញរឹងនិងទន់។ល។

កិច្ចព្រមព្រៀងអាសិបជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតលើសកលលោក គ្របដណ្តប់លើប្រជាជនប្រមាណ៣០%នៃប្រជាជនពិភពលោក ផលិតផលក្នុងស្រុកសរុបតំបន់ប្រមាណ៣០% នៃផលិតផលក្នុងស្រុកសរុបសកល និងប្រមាណ២៨% នៃពាណិជ្ជកម្មសកល។ កិច្ចព្រមព្រៀងអាសិបត្រូវបានផ្តើមការចរចានៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១២ និងបានចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២៕







