ដោយៈសុផារី
ភ្នំពេញៈ គិតរហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជាចំនួន៣១មុខហើយ ត្រូវបាននាំចេញពីទីផ្សារកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ ទំនិញកសិកម្មកម្ពុជាបាននាំចេញទៅប្រទេសចិនកាលពីឆ្នាំ២០២១ កន្លងមកមានចំនួនជាង៨៣ម៉ឺនតោន។

នេះបើតាមការបញ្ជាក់របស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន” នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។
លោកងិន ឆាយ បានលើកឡើងថា កសិផលដែលបាននាំចេញនោះជាប្រភេទកសិផល នៅក្នុងទំនិញមិនជាប់កម្រិតកំណត់។

លោកបានមានប្រសាសន៍ថា ”ការនាំគ្រាប់ស្វាយចន្ទីចេញកន្លងទៅមិនចាំបាច់ចរចាបើកទីផ្សារ ឬកំណត់ភូតគាមអនាម័យទេ។ គ្រាន់តែកម្ពុជាចេញលិខិតបញ្ជាក់វាយ តម្លៃប្រាប់ទៅចិនថា មិនមានសមាសធាតុចង្រៃ ដែលជាភូតគាមអនាម័យ ហើយផលិតផលដែលផលិតបាននេះមានសុវត្ថិភាព និងបំពេញបាននូវភូតគាមអនាម័យ ដែលមានចែងនៅក្នុងស្តង់ដារភូតគាមអនាម័យអន្តរជាតិ”។
លោកងិន ឆាយបានលើកឡើងផងដែរ ទាក់ទងនឹងការនាំចេញផ្លែស្វាយរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលនាពេលថ្មីៗនេះ កម្ពុជាបានចរចាបំពេញបាននូវភូតគាមអនាម័យ ប៉ុន្តែកម្ពុជាមិនអាចប្រកួតប្រជែង ជាមួយទីផ្សារស្វាយរបស់ប្រទេសផ្សេងៗដូចជា ថៃ វៀតណាម ឥណ្ឌា ជាដើម។ នេះជាកត្តាដែលបណ្តាលឱ្យកម្ពុជាមានការលំបាក ក្នុងការនាំចេញស្វាយស្រស់របស់ខ្លួន។

លោកបញ្ជាក់ថា ផលិតឱ្យមានគុណភាពនិងស្តង់ដារ តម្លៃដើមទាប និងការដឹកជញ្ជូន ប្រកបដោយភាពប្រកួតប្រជែង ទើបកម្ពុជាអាចនាំផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិបានច្រើន៕







