ដោយ: ម៉ាលីស
ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសដែល ”ឈានមុខគេ” ក្នុងការប្រើប្រាស់ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ(RCEP) ដើម្បីនាំផលិតផលស្បែកជើងទៅកាន់ប្រទេសចិន។ នេះបើតាមប្រសាសន៍ពីប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាគិតម៉េង។

អ្នកឧកញ៉ាមានប្រសាសន៍ដូចនេះ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ខណៈបានអញ្ជើញចូលរួម និងធ្វើបទអន្តរាគមន៍អំពីទិសដៅអាទិភាពរបស់ក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការរួម សម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ១២ តាមប្រព័ន្ធអនឡាញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សាវីនឌើ ស៊ីញ អគ្គលេខាធិការងអាស៊ាន និងជាប្រធានគណៈកម្មាធិការរួមសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយមានការចូលរួមមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន និងតំណាងពីស្ថាប័នពាក់ព័ន្ធ។

ថ្លែងក្នុងឱកាសនៃកិច្ចប្រជុំនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានថ្លែងអំណរគុណដល់ គណៈកម្មាធិការរួមសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបានអញ្ជើញក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំនេះ។
អ្នកឧកញ៉ាប្រធាន បានជម្រាបជូនអង្គប្រជុំអំពីទិសដៅអាទិភាពរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលអនុលោមនិងគាំទ្រដល់មូលបទរួមរបស់កម្ពុជាដែលជាប្រធានអាស៊ាន។

បន្ថែមពីលើនេះ អ្នកឧកញ៉ាប្រធាន មានប្រសាសន៍ស្វាគមន៍និងអបរអរសាទរ ចំពោះការផ្តល់សច្ចាប័នដោយប្រទេសចំនួន១១ ទៅលើកិច្ចព្រមព្រៀងភាពជាដៃគគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅនេះ និងសង្ឃឹមថា ប្រទេសផ្សេងទៀតនឹងផ្តល់សច្ចាប័នក្នុងពេលឆាប់ៗខាងមុខ៕







