ដោយៈ សុផារី
ភ្នំពេញៈ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅដើមខែមីនានេះបានឱ្យដឹងថា នៅក្នុងរយៈពេល២ខែ នៃដើមឆ្នាំ២០២២ កម្ពុជាបាននាំអង្ករចេញ គ្រប់ប្រភេទបានចំនួន១០៣ ០៥៨តោន ដែលគិតជាទឹកប្រាក់ចំនួនជាង៦៦,៦៩ លានដុល្លារ។

បរិមាណនាំចេញអង្ករ មានកំណើនសរុបចំនួន៣៥,២១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២១។ បរិមាណអង្ករក្រអូបចំនួន៧៧,៦៤% និងអង្ករសចំនួន២០,៤៤% អង្ករសរីរាង្គ និងអង្ករចំហុយបានចំនួន១,៩២% ត្រូវបាននាំចេញក្នុងរយៈពេល២ខែ នៃឆ្នាំ២០២២។
គោលដៅចំនួន៤២ ត្រូវបាននាំអង្ករចេញ រួមមាន ១. ប្រទេសចិនមានបរិមាណចំនួន៥៣,២៥% ទី២ ប្រទេសបារាំងចំនួន១១,៦៤% ទី៣. ប្រទេសម៉ាឡេស៊ីចំនួន៤,៤៦% ទី៤ ប្រទេសព្រុយណេចំនួន៤,២០% ទី៥ ប្រទេសហូឡង់ចំនួន៣% ទី៦. ប្រទេសអង់គ្លេសចំនួន២,៨១% ទី៧. ប្រទេសសាធារណៈរដ្ឋឆែក ចំនួន២,៧៩% ទី៨. ប្រទេសហ្កាប៊ុងចំនួន២,៥២% ទី៩. ប្រទេសអ៉ីតាលីចំនួន២.៣៤% ទី១០. បណ្តាគោលផ្សេងចំនួន៣៣(ដែលក្នុងនោះមានទាំងប្រទេស រុស្សី និងអ៊ុក្រែនផងដែរ) ស្មើរនឹងចំនួន១២,៩៩% ។
សម្រាប់ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន៥០,០២២ តោន និងស្រូវចំនួន៣៧៥,៥៩០តោន៕







