កម្ពុជាដាក់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបឱ្យមានស្ថិរភាពយូរអង្វែង

 ដោយៈលក្ខិណា

ភ្នំពេញៈ ដោយមើលឃើញថាវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប នៅកម្ពុជានៅតែដើរតួនាទីសំខាន់ ក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងនាំប្រាក់ចំណូលត្រលប់មកវិញ កម្ពុជានៅតែផ្ដោតលើការយកចិត្តទុកដាក់លើវិស័យនេះ ដោយបានចេញផែនការយុទ្ធសាស្ត្រជាបន្តបន្ទាប់ ។

លោកអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ចំពោះវិធានការអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ជាមួយក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដែលក្នុងនោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាវិស័យអាទិភាព ដែលតម្រូវឲ្យមាននូវ ការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២១-២០២៤ ដែលផែនការយុទ្ធសាស្ត្រនេះ នឹងធានាបាននូវនិរន្តរភាពរយៈពេលយូរ បន្តរីកចម្រើនទៅមុខ ហើយក៏អាចទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ដោយសារតែមានករណី កើនឡើងនូវជំងឺបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង ដូច្នេះទាមទារខាងសមាជិករបស់សមាគម រោងចក្រកាត់ដេរកម្ពុជា ដែលមានរោងចក្រ សហគ្រាសកំពុងដំណើរការអាជីវកម្មសព្វថ្ងៃនេះ អនុវត្តន៍ឲ្យបានល្អនូវគោលការណ៍ ប្រតិបត្តិស្តង់ដារ(SOP)របស់ក្រសួ​ងឲ្យបានខ្ជាប់ខ្ជួន ក្នុងការរក្សាបាននូវដំណើរការចង្វាក់ផលិតកម្ម ព្រមទាំងរក្សាការងារជូនបងប្អូនកម្មករនិយោជិត”។

លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាបានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីដើមរហូតមកនេះ នៅតែជាក្រសួងពាក់ព័ន្ធសំខាន់ទីមួយ សម្រាប់វិស័យនេះ ដែលជាវិស័យអតិពលកម្ម ។ បើវិស័យការងារមានភាពច្របូកច្របល់ហើយនោះ វិស័យនេះនឹងមិនមាននិរន្តរភាព និងកំណើនបានឡើយ ទោះបីជាផ្នែកផ្សេងទៀត ល្អយ៉ាងណាក៏ដោយ។

ក្នុងន័យនេះ ការសម្របសម្រួលបង្កើតបាន នូវបរិយាកាសទំនាក់ទំនងវិជ្ជាជីវៈមួយដែលល្អប្រសើរ និងមានភាពចាស់ទុំ នាំមកនូវស្ថេរភាពផលិតកម្ម។ ក្នុងអំឡុងពេលកូវីដនេះ គោលនយោបាយចាក់វ៉ាក់សាំងដ៏ត្រឹមត្រូវរបស់សម្តេចតេជោ រួមនឹងការជួយជ្រោមជ្រែងពីសំណាក់ ក្រសួងការងារ បានធានាដល់ស្ថេរភាពផលិតកម្ម និងកំណើននៃការនាំចេញ។

លោកឧកញ៉ាបន្តថា ក្នុងឆ្នាំ២០២១កន្លងទៅ ការនំាចេញផលិតផលកាត់ដេរមានចំនួន១១,៣៨ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ១,៥០៥លានដុល្លារអាមេរិក ស្មើនឹង១៥.២ភាគរយ ក្នុងនោះសម្លៀកបំពាក់មានចំនួន៨,០១៧លាន ស្បែកជើង១,៣៩០លាន និងផលិតផលធ្វើដំណើរ១,៤៩០លានតោន ក្រៅពីនេះគឺផលិតផលវាយនភ័ណ្ឌផ្សេងៗទៀត។

បច្ចុប្បន្នសមាគមមានសមាជិក ជារោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៤៦២ ផលិតស្បែកជើងចំនួន១៣ និងផលិតផលធ្វើដំណើរចំនួន៩២ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here