ដោយ: ម៉ាលីស
ភ្នំពេញ: ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសពីការជូនដំណឹងស្ដីពីការពន្យារពេលការផាកពិន័យ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

យោងតាមសេចក្ដីជូនដំណឹង បានប្រកាសជម្រាបជូនដល់សហគ្រាសបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យដឹងថា អនុលោមតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី១ ធ្នូ២០២១ ស្ដីពីការពន្យារពេលការផាកពិន័យ ចំពោះការយឺតយ៉ាវសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងដល់កាលបរិច្ឆេទកំណត់នៅថ្ងៃទី១ មីនា២០២២នេះ ។
ដោយយោងតាមការសំណូមពររបស់អាជីវករ សហគ្រាសឯកជនបុគ្គល និងក្រុមហ៊ុនជាច្រើន និងរួមផ្សំជាមួយនឹងការផ្ទុះឡើងវិញ នូវជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុង កំពុងរាលដាលខ្លាំងក្នុងសហគមន៍ ក្រសួងពាណិជ្ជកម្ម សម្រេចពន្យារកាលបរិច្ឆេទការផាកពិន័យ រហូតដល់ទី១ កក្កដា ២០២២ ដើម្បីផ្ដល់ពេលវេលា គ្រប់គ្រាន់ដល់រូបវ័ន្តបុគ្គល សហគ្រាសឯកជន ឬក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ធ្វើការស្នើសុំលិខិតអនុញ្ញាតឬអាជ្ញាបណ្ណ ។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ចំពោះអាជីវកម្មដែលធ្វើប្រតិបត្តិការពាណិជ្ចកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះ នឹងត្រូវទទួលបានការផាកពិន័យជាប្រាក់ និងអាចមានការផ្ដន្ទាទោស ដូចមានចែងក្នុងច្បាប់ស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕







