ដោយៈ និស្ស័យ
ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តប្រយុទ្ធជាមួយជំងឺកូវីដ១៩ តាមរយៈវិធានការណ៍ “៣កុំ និង៣ការពារ” និងវិធានការសុខាភិបាលនានា ហើយត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស តាមការផែនដែលបានដាក់ចេញ ឱ្យបានគ្រប់ៗគ្នា។

ការបន្តអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងជាង ១៣៤គីឡូម៉ែត្រ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលបានធ្វើឱ្យសម្តេចគេចផុត ពីការឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ទោះបីជាកន្លងមកនេះ សម្តេចបានប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩ ក៏ដោយ។

សម្តេចតេជោ ហ៊ុន សែនបានអំពាវនាវថា “អញ្ចឹងបានជាបញ្ហាទាក់ទិននឹងរឿងកូវីដនេះ ខ្ញុំសូមយកឱកាសនេះ គឺអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង បន្តប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ តាមរយៈវិធានការ (៣កុំ និង៣ការពារ) និងការទទួលយកវ៉ាក់សាំងឱ្យគ្រប់តាមការកំណត់ ក្នុងហ្នឹងប្រជាពលរដ្ឋរបស់យើង ដែលបានទទួលវ៉ាក់សាំងរួចហើយទាំងដូសទី១ និងដូសទី២ មានរហូតជាង៩១ភាគរយ”។សម្តេចបានបន្តថា “អ្វីដែលគួរមានមោទនភាពនោះ គឺកុមារ៣ឆ្នាំ៤ឆ្នាំ ដែលទើបនឹងឱ្យចាក់នៅថ្ងៃទី២៣ កន្លងទៅនេះ មកពេលនេះគឺចាក់បានជាង២៨ភាគរយ ដំបូងខ្ញុំព្រួយ ថាកុមារតូចពេកខ្លាចម្ជុរ ប៉ុន្តែ ថ្ងៃចាក់ទី១ និងថ្ងៃទី២ ចាក់បាន២០ភាគរយ”។
នាឱកាសនោះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង កំពុងតែវាយប្រហារលើកូនក្មេង ខណៈកាលពីមុនមេរោគកូវីដ១៩ បំប្លែងថ្មី ប្រភេទតែលតា និងអាល់ហ្វា វាយប្រហារតែលើមនុស្សចាស់ ប៉ុន្តែសម្រាប់ប្រភេទមេរោគបំប្លែង អូមីក្រុង បានវាយប្រហារ លើគោលដៅចំនួនទាំងមនុស្សចាស់ និងកូនក្មេង ជាពិសេសដឹកនាំ ពីព្រោះពួកគាត់ត្រូវជួបមនុស្សច្រើន ក្នុងការងារទំនាក់ទំនងផ្សេងៗ។
សម្តេចតេជោ ក៏បានជំរុញបន្ថែមដល់ប្រជាពលរដ្ឋ ដែលមានចាក់វ៉ាក់សាំងដូសទី២ រួចហើយ សូមបន្តអញ្ជើញទៅចាក់វ៉ាក់សាំងដូស ជំរុញឱ្យបានគ្រប់ៗគ្នា ខណៈបច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលទៅទទួលវ៉ាក់សាំងដូសទី៣ បានប្រមាណជាង៧លាននាក់។ សម្រាប់ដូសទី៤ ចាក់បានប្រមាណជាង១លាននាក់ហើយ។
សម្តេចបន្តថា “អញ្ចឹងទេ យើងត្រូវអរគុណជាមួយនឹងវ៉ាក់សាំង ហើយមិត្តចិន នឹងបន្តផ្តល់ឱ្យយើងនូវជំនួយវ៉ាក់សាំងបន្តទៀត អីឡូវវ៉ាក់សាំងនៅក្នុងឃ្លាំងប្រមាណ៧លានដូស យើងនឹងខិតខំនាំចូលមកប្រទេសរបស់យើងនៅឆមាសទី១ឆ្នាំនេះ នាំចូលវ៉ាក់សាំងឱ្យបាន៨លានដូសទៀត ធ្វើយ៉ាងម៉េចដើម្បីធានាថា នៅក្នុងឃ្លាំងរបស់យើងមានវ៉ាក់សាំង សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយក្នុងនោះមានចាប់តាំងពី កុមារចាប់ពីអាយុ៣ឆ្នាំផងដែរ”៕







