ដោយៈ ម៉ាលីស
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ប្រាក់ចំនួនជិត៥៣ម៉ឺន ដុល្លារអាមេរិក ជាជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ សម្រាប់ការសាងសង់ និងស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ចំនួនបីរបស់កម្ពុជា។

ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅ នៅថ្ងៃទ០១ ខែមីនា ជាជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ដោយមានការចូលរួមពី លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបី ក្នុងការចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ជំនួយហិរញ្ញប្បទាននេះ នឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ ស្ពានបេតុងចំនួនពីរនៅខេត្តកណ្តាល និងខេត្តក្រចេះ និងជួសជុលប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបន្ទាយមានជ័យ។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងផងដែរថា “យើងជឿជាក់ថា បរិក្ខារទាំងនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ នៅកម្រិតមូលដ្ឋាន”៕







