ដោយៈ សុធារី
វៀតណាមៈ ក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ចឡុងអាន បានផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់ក្រុមហ៊ុន Coca-Cola Beverages Vietnam Co., Ltd ដើម្បីអនុវត្តគម្រោងរោងចក្រផលិតភេសជ្ជៈ នៅខេត្តឡុងអាន ដែលមានព្រំប្រទល់នឹងព្រំដែនបាវិតរបស់ប្រទេសកម្ពុជា។
យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក Vietnam Plus កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ គម្រោងនេះមានទុនវិនិយោគសរុបជាង ៣,១ពាន់ពាន់លានដុង (ប្រមាណជាង១៣៦លានដុល្លារអាមេរិក) និងមានទីតាំងនៅសួនឧស្សាហកម្មភូអានចាញ់ (Phu An Thanh) ក្នុងស្រុក Ben Luc នៃខេត្តឡុងអាន ភាគខាងត្បូងនៃប្រទេស។ គម្រោងវិនិយោគធំមួយនេះ ត្រូវបានអាជ្ញាធរខេត្តបានផ្តល់អាជ្ញាប័ណ្ណ កាលពីដើមឆ្នាំ២០២២។

ខេត្តឡុងអាន (Long An) ច្រកទ្វារចេញចូលរបស់តំបន់ខាងលិច នៃភូមិភាគខាងត្បូង តភ្ជាប់នឹងទីក្រុងហូជីមិញ (Ho Chi Minh) និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុត របស់ប្រទេសវៀតណាម និងបណ្តាខេត្តដែលស្ថិតនៅតំបន់ខាងលិច នៃភូមិភាគខាងត្បូង។ បច្ចុប្បន្ន ខេត្តឡុងអាន (Long An) មានសក្តានុពលជាច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយគ្រប់ជ្រុងជ្រោយ ផ្អែកទៅលើការអភិវឌ្ឍន៍កសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងទេសចរណ៍ ដែលមានលក្ខណៈពិសេស របស់តំបន់ព្រែកទ ន្លេរ។

នៅក្នុងឆ្នាំ២០២១កន្លងមក ខេត្តឡុងអានបានជាប់ចំណាត់ថ្នាក់ទីពីរទូទាំងប្រទេសវៀតណាម ក្នុងការទាក់ទាញការវិនិយោគ ផ្ទាល់ពីបរទេស (FDI) ក្នុងទំហំទឹកប្រាក់វិនិយោគជាង៣,៨៤ ពាន់លានដុល្លារ៕







