ដោយ ៖វឌ្ឍនៈ
ភ្នំពេញ ៖ លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជានិងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបានមានប្រសាសន៍នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានកាលពីថ្ងៃទី១១ វិច្ឆិកា ២០២១ឱ្យដឹងថា តាមការសិក្សាអាស៊ានទាំងមូលត្រូវការមូលនិធិប្រមាណ២១០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬស្មើនឹង៥,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប សម្រាប់ឆ្លើយតបទៅនឹងតម្រូវការហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ខ្លួនរហូតដល់ឆ្នាំ២០៣០ ។
លោកបន្តថា តម្រូវការវិនិយោគដ៏សម្បើមនេះ គឺមានភាពចាំបាច់ណាស់ក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ទាំងមូល ។ អាស្រ័យហេតុនេះ ក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២១នេះ កម្ពុជាបានផ្ដួចផ្ដើមស្នើឱ្យមានកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ជាមួយដៃគូសន្ទនា នានានិងដៃគូអភិវឌ្ឍន៍បនានាដូចជាអូស្ត្រាលី ឥណ្ឌា អាមេរិក ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការស្វែងរកមូលនិធិ និងជំនួយបច្ចេកទេសសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅក្នុងក្របខណ្ឌតំបន់ទាំងមូល ។
លោកបន្ថែមថា វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ដែលនឹងជួយសម្រួលដល់ការធ្វើធុរកិច្ចពាណិជ្ជកម្មនិងការលើកកម្ពស់ការប្រជែង ។
សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩ក្ដីក៏កម្ពុជាបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ្មថ្មីនិងជួសជុលលើកកម្ពស់ផ្លូវចាស់ៗឡើងវិញផងដែរ ៕







