ដោយៈ សុផារី
ប្រទេសចិនៈ ការសាងសង់ផ្លូវដែក ដែលអាចឱ្យរថភ្លើងល្បឿនលឿនរបស់ចិនធ្វើដំណើរទៅដល់ព្រំដែនចិន-វៀតណាម បានបោះជំហានទៅមុខយ៉ាងលឿន ដោយផ្លូវរូងក្រោមដីចុងក្រោយ ត្រូវបានខួងបញ្ចប់កាលពីថ្ងៃអង្គារម្សិលមិញនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Xinhau កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ។
ផ្លូវដែកប្រវែង៤៦,៩គីឡូម៉ែត្រនឹងតភ្ជាប់ទីក្រុង Fangchenggang និង Dongxing ទាំងនៅក្នុងតំបន់ស្វយ័ត Guangxi Zhuang ដោយមានផ្លូវរូងក្រោមដីសរុបចំនួន៨។
បច្ចុប្បន្នការងារសាងសង់ជាង៧៩ភាគរយ ត្រូវបានបញ្ចប់សម្រាប់ការសាងសង់ផ្លូវរថភ្លើង។ គម្រោងការតាមដាន និងទំនាក់ទំនងនឹងត្រូវបានរៀបចំនៅពេលក្រោយ។
កាសែតដដែលនេះបានសរសេរថា បន្ទាប់ពីផ្លូវរថភ្លើងត្រូវបានដាក់ឱ្យដំណើរការ Fangchenggang និង Dongxing នឹងចាប់ផ្តើមមានផ្លូវដែកតភ្ជាប់រវាងខេត្តទាំងពីរ។ រថភ្លើងនៅលើខ្សែនេះ អាចរត់ក្នុងល្បឿនរហូតដល់២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរ នឹងកាត់បន្ថយពី៩០ ទៅ២០នាទី។
Dongxing មានទីតាំងនៅព្រំដែនចិន-វៀតណាម។ ខ្សែរថភ្លើងនេះនឹងជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រទេសចិន និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍៕







