ដោយ៖ សុផារី
ភ្នំពេញ ៖ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសបើកសេដ្ឋកិច្ចសង្គមឡើងវិញសកម្មភាពអាជីវកម្មតាមវិស័យនានាក៏បានចាប់ផ្ដើមងើបឡើងវិញជាបន្តបន្ទាប់ ក្នុងនោះវិស័យទេសចរណ៍ដែលដេកលក់លង់អស់ជិត២ឆ្នាំក៏ចាប់ផ្ដើមកម្រើកឡើងវិញផងដែរ ជាក់ស្ដែងក្នុងមួយសប្ដាហ៍ដើមនៃខែវិច្ឆិកា២០២១នេះកម្ពុជាទទួលបានភ្ញៀវទេសចរដើរកម្សាន្តក្នុងស្រុកជាង១៧ម៉ឺននាក់នេះ។ នេះបើតាមរបាយការណ៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃទ០៨ វិច្ឆិកា២០២១ ។

របាយការណ៍របស់ក្រសួងទេសចរណ៍ឱ្យដឹងថា ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន
១.ខេត្តព្រះសីហនុទទួលបានភ្ញៀវ ៣៧,៦៤១ នាក់
២.រាជធានីភ្នំពេញទទួលបានភ្ញៀវ ៣៥,២១០ នាក់
៣.ខេត្តកំពតទទួលបានភ្ញៀវ ១៦,៥០១ នាក់
៤.ខេត្តសៀមរាបទទួលបានភ្ញៀវ ១៥,១០០ នាក់
៥. ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវ ១០,៤៤៧ នាក់។
លោក ថោង ខុន បន្តថា ទោះបីពុំមានថ្ងៃឈប់សម្រាកជាបុណ្យជាតិ ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែមានភាពសកម្មនៅរៀងរាល់ចុងសប្តាហ៍។

លោកបានមានប្រសាសន៍ថា រមណីយដ្ឋានទេសចរណ៍និងគោលដៅទេសចរណ៍ទូទាំងប្រទេសបានបើកដំណើរការទទួលភ្ញៀវទេសចរ ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានផ្អាកសកម្មភាពកន្លងមកក៏បានរៀបចំដើម្បីទទួលភ្ញៀវទេសចរក៏ ដូចជាត្រៀមខ្លួនទទួលភ្ញៀវទេសចរនាថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកខាងមុខផងដែរ។
ប្រតិបត្តិករទេសចរណ៍ជាច្រើនបានសាទរចំពោះការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលកម្ពុជា ដែលអាចធ្វើឱ្យអាជីវកម្មរបស់ពួកគេមានក្ដីសង្ឃឹមឡើងវិញក្រោយពេលវិស័យនេះបានធ្លាក់ចុះយ៉ាងខ្លាំងរយៈពេលជិត២ឆ្នាំជាពិសេសនៅក្រោយថ្ងៃ២០កុម្ភៈ២០២១ ។
លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា វិស័យទេសចរណ៍នឹងកម្រើកឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការបើកប្រទេសឡើងវិញ។ ប្រតិបត្តិការទេសចរជាច្រើនបានត្រៀមខ្លួនរួចជាស្រេចតាំងពីមុនថ្ងៃប្រមុខរាជរដ្ឋាភិបាលប្រកាសម្ល៉េះ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលនឹងចេញដើរកម្សាន្តនិងមកដល់កម្ពុជានៅពេលបន្តបន្ទាប់ ។
លោកស្រីបន្តប្រតិបត្តិករឬម្ចាស់អាជីវកម្មទេសចរណ៍ជាច្រើនដែលបានទ្វារនិងផ្អាកដំណើរការក៏បានចាប់ផ្ដើមប្រមូលបុគ្គលិករបស់ខ្លួនមកបម្រើការងារឡើងវិញជាបន្តបន្ទាប់ ដូច្នេះការបើកប្រទេសឡើងវិញវានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចសង្គមនិងសេដ្ឋកិច្ចជាតទាំងមូល៕







