ដោយៈលក្ខិណា
ភ្នំពេញៈ បន្ទាប់ពីស្ថានភាពកូវីដ១៩បានធូរស្រាលឡើងវិញ និងប្រមុខរដ្ឋាភិបាល ប្រកាសបើកប្រទេសឡើងវិញ សហគ្រិនកម្ពុជាក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានត្រៀមខ្លួន ដើម្បីអភិវឌ្ឍន៍វិស័យSME ឡើងវិញបន្ទាប់ពីរងផលប៉ះពាល់អស់ជាយូរមកហើយ។
លោកស្រីម៉ម ដាត្ថាលីណែត តំណាងសមាគមសហគ្រិនស្ត្រីកម្ពុជាបានមានប្រសាសន៍ថា សហគ្រិនរបស់យើងបានជួបបញ្ហាជាច្រើន នៅក្នុងវិបត្តិកូវីដ១៩ ជាពិសេសការប្រឹងងើបឡើងវិញ នៅពេលកូវីដ១៩បានស្រាកស្រាន្ត ខណៈកូវីដ១៩នេះ ក៏យើងមិនទាន់ដឹងថា នឹងបញ្ចប់នៅពេលណាច្បាស់ល់ាស់នោះដែរ។ សហគ្រិនស្ត្រីបានត្រៀមខ្លួនតាំងពីមុនកូវីដ១៩បានធូរស្រាលម្ល៉េះ ដោយប្រមូលចងក្រងជាឯកសារផ្សេង តាមការពិភាក្សារគ្នានិងការធ្វើការស្ទង់មតិផ្សេងជាដើម ។
លោកស្រីបន្តថា នៅក្នុងវិបត្តិកូវីដ១៩ យើងបានជួបបញ្ហាមួយចំនួនដូចជា បញ្ហាហិរញ្ញវត្ថុដោយយើងពិបាក ក្នុងការរកប្រភពហិរញ្ញវត្ថុ សម្រាប់ដំណើរការអាជីវកម្ម បញ្ហាទីផ្សារដោយមានផលិតផលហើយ តែយើងពិបាកក្នុងការរកទីផ្សារសម្រាប់លក់ផលិតផល ពីព្រោះតែការប្រកួតប្រជែងតម្លៃ និងការរាំងខ្ទប់នៅប្រទេសដែលត្រូវនាំចេញ។ អ្វីដែលពិសេសទៀតនោះ គឺបញ្ហាប្រឈមនឹងការផ្លាស់ប្តូរ ទៅរកប្រព្រឹត្តិកម្មសេដ្ឋកិច្ចឌីជីថល ដោយសារតែការបត់បែនលឿនពេក ធ្វើឱ្យសហគ្រិនត្រូវផ្លាស់ប្តូរលឿនៗដែរ។
ចំណែកលោកលឹម អូនអគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានមានប្រសាសន៍ផងដែរថា នៅក្នុងបរិបទនៃវិបត្តិកូវីដ១៩នេះ យើងឃើញថាគ្រប់សកម្មភាពសង្គមទាំងអស់ទាំងវិស័យធនាគារ វិស័យសហគ្រាធុនតូចនិងមធ្យមកម្ពុជាគឺសុទ្ធតែរងផលប៉ះពាល់ទាំងអស់ ។
លោកបានលើកឡើងពីបញ្ហាធំ៣ ដែលសហគ្រិនបានជួបប្រទះ ក្នុងនោះទី១ បរិមាណនៃការលក់ ឬក៏ការផ្ដល់សេវាកម្មមានការធ្លាក់ចុះ ពីព្រោះតែផលវិបាកនៃការប្រាស្រ័យទាក់ទងគ្នា ទី២ ផលិតភាពការងារក៏មានការធ្លាក់ចុះដែរ ។នៅពេលមានការរីករាលដាលនៃជំងឺកូវីដ អាជ្ញាធរតម្រូវឱ្យមានការចូលរួមពីម្ចាស់សហគ្រាស ក្នុងការទប់ស្កាត់ការចម្លង ដោយកាត់បន្ថយបុគ្គលិកមកត្រឹម៥០ភាគរយ ឬតិចជាងនេះ ។ ទី៣ ការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន ឬអាជីវកម្មរបស់យើង ដូចជាការពិនិត្យកំដៅបុគ្គលិកនិងអតិថិជនដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការអាជីវកម្ម ។
លោកបន្ថែមថា ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម ធនាគារSME បានយកការប្រាក់ទាប ជាពិសេសសហគ្រិនស្ត្រីនៅកម្ពុជា ក្នុងគោលបំណងលើកស្ទួយវិស័យនេះ ឱ្យកាន់តែប្រសើរនិងជំរុញ ឱ្យកាន់តែប្រសើរឡើងជាងមុនកូវីដ១៩៕







