ដោយៈសុផារី
ភ្នំពេញៈ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញនីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប។
អង្គប្រជុំបានដំណើរការនាព្រឹកថ្ងៃទី២ វិច្ឆិកានេះ បានផ្តោតលើរបៀបវារៈចំនួន ៣ ដូចខាងក្រោម ទី១.ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
ទី២.ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តី នៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង នៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យស្តីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។
ទី៣.ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី១ ទី២ និងទី៣ ដោយឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕







