ដោយ៖ សុផារី
ភ្នំពេញ៖ Startup ឬ ខេមរភាសាហៅថា “ធុរកិច្ចថ្មី” គឺជាពាក្យកំពុងពេញនិយមមួយនាពេលបច្ចុប្បន្ន ហើយអ្នកប្រហែលជាធ្លាប់បានឮ និងឃើញរួចហើយនៅក្នុងសារព៌ត័មាននិងបណ្តាញសង្គមជាច្រើន។ តើអ្វីទៅជាអត្ថន័យពេញនៃគឺជា Startup ឬ ធុរកិច្ចថ្មី?
ធុរកិច្ចថ្មី គឺសំដៅទៅលើក្រុមហ៊ុនក្មេងខ្ចី ដែលបង្កើតឡើងដោយសហគ្រិនមួយ ឬច្រើន ដើម្បីបង្កើតផលិតផល ឬសេវាកម្ម ដែលប្លែកថ្មីមកអោយទីផ្សារ។ ជាធម្មជាតិនៃសកម្មភាពជំនួញបែបនេះ គឺមានហានិភ័យខ្ពស់ មានដើមទុនតិចតួច ហើយការចំណាយដំបូងគឺតែងតែបានមកពីការប្រមូលពីស្ថាបនិក មិត្តភក្កិ និងបងប្អូនសាច់ញាតិខ្លួនឯង។
ចង់បង្កើតធុរកិច្ចថ្មីមួយ គឺជារឿងពិបាកទេ?
ពិតជាលំបាក ព្រោះផលិតផលឬសេវាកម្មដែលអ្នកបង្កើតត្រូវមានភាពច្នៃប្រឌិតខ្ពស់ ទាមទារការសិក្សាស្រាវជ្រាវ ការតេស្តសាកល្បង និងការស្វែងរកទីផ្សារអោយបាន។ ផលវិបាកដ៏ធំបំផុតមួយ ដែលធុរកិច្ចថ្មីណាក៏ជួបប្រទះនោះគឺផ្នែកហិរញ្ញវត្ថុ។
តើអ្វីដែលអាចរាប់ជាធុរកិច្ចថ្មីទេ?
វាអាចជាធុរកិច្ចថ្មីបាន ប្រសិនបើទម្រង់អាជីវកម្មអ្នក មានភាពខុសប្លែកពីបែបផែនអាជីវកម្មបុរាណ។ អ្នកប្រហែលជាត្រូវរៀបចំ របៀបទុកដាក់សម្ភារៈថ្មី ការលក់បែបថ្មី ការធ្វើទីផ្សារបែបថ្មី ហើយប្រហែលជាត្រូវទាញយកផលប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាអោយបានច្រើន។ ធុរកិច្ចថ្មីដែលមានគោលដៅទីផ្សារធំ គឺមានឱកាសស្វែងរកប្រាក់វិនិយោគ បានកាន់តែធំ ខណៈធុរកិច្ចថ្មីដែលមានគោលដៅតូច ឬ មធ្យម គឺអាចស្វែងរកប្រាក់វិនិយោគតិចតួចប៉ុណ្ណោះ។
ធុរកិច្ចថ្មីដែលមានទម្រង់អាជីវកម្មច្បាស់លាស់មានគម្រូផលិតផលឬសេវាកម្ម នោះនឹងអាចទទួលបានការមូលនិធិពីប្រភពធំៗបីមាន៖
១. កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារ ប្រាក់ជំនួយពីរាជរដ្ឋាភិបាល ស្ថាប័នក្នុងនិងក្រៅប្រទេស និងអង្កការមិនស្វែងរកប្រាក់ចំណូល។
២. Incubator គឺជាដៃគូរសហការ ដែលតែងតែផ្តល់ការបង្វឹក ផ្តល់កន្លែងធ្វើការ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកវិនិយោគ ក៏ដូចជាទម្លាក់ប្រាក់ឧបត្ថម្ភ។
៣. អ្នកវិនិយោគ (Venture Capitalist/ Venture Capital) ដែលពួកគេតែងតែទម្លាក់លុយវិនិយោគ ទៅលើធុរកិច្ចថ្មីណា ដែលមានសក្កានុពលខ្ពស់ មានការសន្យាច្បាស់លាស់ និងអាចបំពេញគោលដៅបាន៕







