ដោយៈ សុផារី
ភ្នំពេញៈ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តចំនួន៣៩គ្រឿង ដែលជាជំនួយក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។
លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរតាមបណ្តាញសង្កមរបស់លោកថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរថយន្តចំនួន៣៩គ្រឿង ជាជំនួយក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជប៉ុន សម្រាប់ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។
លោកប្រាក់ សុខុន បានមានប្រាសាន៍ថា “ខ្ញុំបានចុះហត្ថលេខាជាមួយឯកឧត្តមឯកអគ្គរាជទូត មិកាមិ លើគម្រោងនេះតាំងតែពីខែមីនា ឆ្នាំ២០២០”។ លោកបានបន្តថា “គម្រោងជំនួយនេះ គឺពិតជាមានតម្លៃយ៉ាងធំធេងដល់ការបំពេញតួនាទី និងភារកិច្ចរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព ក្នុងនាមជាប្រធានអាស៊ាន ជាពិសេស ក្នុងការរៀបចំឡូជីស្ទីក”៕







