ដោយ ៖ លក្ខិណា
ភ្នំពេញ ៖ តំណាងអង្គការសុខ ភាពពិភពលោកហៅកាត់ថា WHO លោកស្រី លី អាយលែន បានបង្ហាញការគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបើកដំណើរការបើកប្រទេសឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ ខណៈដែលប្រទេសកម្ពុជា ដាក់ចេញផែនការច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមនឹងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្ទើរ តែ១០០ ភាគរយទៅហើយនៃចំនួនប្រជាជនសរុប។
លោកស្រីវេជ្ជបណ្ឌិតបន្តថា ប្រទេសកម្ពុជាបានធ្វើការយ៉ាងអស្ចារ្យទាក់ទងទៅនឹង ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការផ្តល់វ៉ាក់ សាំងជូនប្រជាពលរដ្ឋ ហើយប្រទេសកម្ពុជា គឺស្ថិតក្នុង ចំណោមប្រទេសឈានមុខគេក្នុងការផ្តល់តម្លៃរបស់អង្គការ សុខភាពពិភពលោក និងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយជាពិសេសផ្តល់ទៅដល់ក្រុមដែលងាយរងគ្រោះ រួមទាំងក្រុមការងារជួរមុខរបស់ក្រុមការងារសុខាភិបាល និងប្រជាពលរដ្ឋដែលងាយរងគ្រោះផ្សេងៗទៀត។
លោកស្រីបន្ថែមថា “ជាមួយនឹងអត្រាគ្របដណ្តប់ក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ខ្ពស់ រួមទាំងផ្តល់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះនេះ គឺធ្វើឱ្យប្រទេសកម្ពុជា អាចធានានូវផ្នែកសុខភាពសាធារណៈបាន ហើយអាចឈានទៅរកការបើកនូវសង្គម និងសេដ្ឋ កិច្ចជាបន្តបន្ទាប់ទៀតបាន។ លោកស្រីថា៖« រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងនឹងបើកសេដ្ឋកិច្ចឡើងវិញ នេះគឺជាដំណឹងល្អ ដោយសារពលរដ្ឋគ្រប់គ្នាហាក់បីដូចជានឿយណាយនឹងរឿងកូវីដ-១៩យូរ។”
លោកស្រីក៏បានបង្ហាញនូវមូលហេតុសំខាន់ៗ ដែលធ្វើឱ្យកម្ពុជាទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នោះគឺការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធ្វើឱ្យមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ពលរដ្ឋ ហើយនេះគឺជាពេលវេលាមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការបង្កើតយុទ្ធសាស្រ្ត និងមានប្រព័ន្ធមួយដែលល្អ និងគិតគូរអំពីហានិភ័យក្នុងការ សម្របសម្រួល រួមទាំងផ្លាស់ប្តូរ និងរៀនរស់នៅជាមួយនឹងមេរោគកូវីដ-១៩នេះ ដើម្បីអាចបើកនូវសេដ្ឋកិច្ច និងសង្គមឡើងវិញ ។
សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កន្លងមកបានមានប្រសាសន៍ថា “យើងបិទប្រទេស បិទសេដ្ឋកិច្ចយូរមកហើយ ហើយអ្នកឆ្លងថ្មីនៅតែរកឃើញជាបន្តបន្ទាប់ ដូច្នេះបើបិទទៀតក៏នៅមានអ្នកឆ្លង យើងបើកប្រទេសវិញវាចំណេញជាង ចំណេញសេដ្ឋកិច្ច ពលរដ្ឋមានចំណូលឡើងវិញ ប៉ុន្តែយើងក៏ត្រូវតែគោរពតាមវិធានការរបស់សុខាភិបាល និងការរៀនរស់នៅជាមួយនឹងកូវីដ១៩តាមគន្លងថ្មី។“
មកដល់បច្ចុប្បន្ននេះគេសង្កេតឃើញថា អាជីវកម្មជាច្រើនដែលរងផលប៉ះពាល់និងហាមប្រាមក៏បានបើកដំណើរការឡើងវិញ និងបានគោរពតាមវិធានការរបស់សុខាភិបាល ។ អ្វីដែលកត់សម្គាល់នោះ ចាប់តាំងពីក្រោយពិធីបុណ្យភ្ជុំបិណ្ឌរួចមក អ្នកឆ្លងកូវីដ១៩ដែលបានប្រកាសជារៀងរាល់ថ្ងៃ ក៏ឃើញថាមានការថយចុះជាបន្តបន្ទាប់ផងដែរ ជាក់ស្ដែងថ្ងៃទី២៦តុលា២០២១នេះ កម្ពុជាប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន១១២នាក់ ស្លាប់៨នាក់ក្នុងនោះមាន៥នាក់មិនបានចាក់វ៉ាក់សាំង និងមានអ្នកជាសះស្បើយរហូតដល់២៦៣នាក់៕







