ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន ប្តេជ្ញាជំរុញការវិនិយោគនិងកិច្ចសហប្រតិបត្តិការធុរកិច្ចបន្ថែមទៀតដល់កម្ពុជា

ដោយ: សូរិយា

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ បានទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU ASEAN Business Council – EU-ABC) ដែលដឹកនាំដោយ លោក Donald Kanak ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ច EU-ABC តាមប្រព័ន្ធវីដេអូ។

នៅក្រោយចប់កិច្ចប្រជុំដែលមានការចូលរួមពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham Cambodia) និងតំណាងមកពីក្រុមហ៊ុនមួយចំនួនដែលជាសមាជិករបស់ក្រុមប្រឹក្សា EU-ABC ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តាមរយៈជំនួបនេះ ភាគីសមាជិកក្រុមប្រឹក្សា EU-ABC បានប្តេជ្ញាជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការធុរកិច្ចបន្ថែមទៀតមកដល់ប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឱកាសនោះលោក ប៉ាន សូរស័ក្តិ បានជម្រាបជូនដោយសង្ខេបអំពីការងារអាទិភាព និងគំនិតផ្តួចផ្តើមនានា ដែលកម្ពុជាបានត្រៀមសម្រាប់ឆ្នាំ២០២២ ធ្វើជាប្រធានអាស៊ាន ជាពិសេសផែនការអាស៊ានក្នុងដំណើរឆ្ពោះទៅរកសហគមន៍សេដ្ឋកិច្ចឌីជីថល។ បន្ថែមពីនេះ លោកបានបន្តកិច្ចពិភាក្សាដោយផ្តោតលើការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-សេដ្ឋកិច្ចកម្ពុជា-អឺរ៉ុប និងការចូលរួមរបស់វិស័យឯកជនក្នុងស្តារទ្បើងវិញនូវខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្មសកល តាមរយៈការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) និងកម្មសិទ្ធិបញ្ញាជាដើម។

លោកបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

ជាការឆ្លើយតប លោក Donald Kanak បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តី និងសហការីក្រសួងពាណិជ្ជកម្ម ដែលតែងតែបានយកចិត្តទុកដាក់គាំទ្រ និងសម្របសម្រួលដល់អ្នកវិនិយោគ និងសមាជិកក្រុមប្រឹក្សា EU-ABC នាពេលកន្លងមក ជាពិសេសបានបង្ហាញពីការគាំទ្រនៅពេលដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here