ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ភាពជោគជ័យរបស់មនុស្សម្នាក់ៗមុននឹងទទួលបាន វាមិនមែនជារឿង ដែលងាយស្រួលនោះទេ ព្រោះវាទាមទារឱ្យមនុស្ស មានការអត់ធ្មត់ និងការខិតខំប្រឹង នៅក្នុងខ្លួនជាមុនសិន ទើបអាចទទួលបានជោគជ័យ ក៏ដូចជាស័ក្តិសម នឹងការដែលទទួលបានពាក្យកោតសរសើរពីមនុស្សជុំវិញខ្លួន។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ មនុស្សដែលមានភាពជោគជ័យភាគច្រើន ពួកគេតែងតែមានលក្ខណៈសម្បតិ្តមួយចំនួន នៅក្នុងខ្លួនរបស់ពួកគេ ទើបជាហេតុធ្វើឱ្យពួកគេ បានក្លាយទៅជាមនុស្ស ដែលជោគជ័យ ក៏ដូចជាការឱ្យតម្លៃ និងការកោតសរសើរជាខ្លាំង ពីមនុស្សគ្រប់គ្នា។
មនុស្សជោគជ័យច្រើនតែមានលក្ខណៈសម្បត្តិទាំងនេះ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមិនកោតសរសើរមិនបាន៖
១. ព្យាយាមឱ្យបានល្អបំផុតជាមួយនឹងអ្វីដែលពួកគេកំពុងតែធ្វើ
លក្ខណៈសម្បត្តិដែលមនុស្សជោគជ័យភាគច្រើន តែងតែមាននោះ គឺពួកគេតែងតែព្យាយាម ខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យខ្លួនពួកគេពូកែ ជាមួយនឹងអ្វីដែលពួកគេកំពុងតែធ្វើ ហេតុនេះហើយ ការដែលចាប់យកអ្វីមួយ ឱ្យមានភាពច្បាស់លាស់ ហើយខិតខំធ្វើវានោះ មនុស្សម្នាក់ៗប្រាកដជាពូកែខ្លាំងបំផុត ដែលជាហេតុធ្វើឱ្យមនុស្ស ដែលពូកែខ្លាំងជាមួយនឹងអ្វីមួយនោះ គឺតែងតែមានភាពងាយស្រួល ក្នុងការចាប់យកភាគជោគជ័យ។
២. ផ្តោតអារម្មណ៍ទៅលើគោលដៅ
ទម្រាំតែមនុស្សជោគជ័យ ទទួលបាននូវភាពជោគជ័យមួយនោះ គឺពួកគេមិនមែនបានវាមក ដោយងាយស្រួលឡើយ គឺពួកគេត្រូវឆ្លងកាត់ រាល់ឧសគ្គជាច្រើន ដោយមានភាពអត់ធ្មត់ និងការខិតខំប្រឹងប្រែង លើសពីនេះ អ្វីដែលពិសេស គឺពួកគេតែងតែផ្តោតអារម្មណ៍ទៅលើតែគោលដៅរបស់ពួកគេតែប៉ុណ្ណោះ។ ចំណែករឿងអ្វីផ្សេង គឺពួកគេនឹងមិនសូវផ្តោតអារម្មណ៍លើឡើយ ទើបជាហេតុធ្វើឱ្យមនុស្សជោគជ័យ តែងតែផ្តោអារម្មណ៍ទៅលើគោលដៅ របស់ពួកគេជានិច្ច ហើយវាក៏ជាលក្ខណៈសម្បត្តិ របស់មនុស្សជោគជ័យដែរ។
៣. ទទួលយកនូវភាពបរាជ័យ
បុគ្គលដែលជោគជ័យណា ដែលថាមិនធ្លាប់ជួបនូវភាពបរាជ័យនោះ គឺទម្រាំតែទទួលបាននូវភាពជោគជ័យមួយៗ មនុស្សម្នាក់ៗត្រូវហែលឆ្លងកាត់ និងរៀនសូត្រពីមេរៀនបរាជ័យជាច្រើនរាប់មិនអស់ ហេតុនេះហើយ មនុស្សដែលជោគជ័យភាគច្រើន គឺពួកគេតែងតែលក្ខណៈសម្បត្តិ ក្នុងការត្រៀមខ្លួនរួចជានិច្ច ក្នុងការទទួលយកនូវភាពបរាជ័យ។
៤. មិនចូលចិត្តនិយាយច្រើន តែចូលចិត្តបង្ហាញ
លក្ខណៈសម្បត្តិរបស់មនុស្សជោគជ័យ គឺពួកគេមិនដែលនិយាយពីគោលបំណង ដែលពួកគេគេចង់ធ្វើ ឱ្យមនុស្សគ្រប់គ្នាបានដឹងឡើយ ប៉ុន្តែពួកគេចូលចិត្តធ្វើវា ឱ្យបានសម្រេចជាមុនសិន ទើបពួកគេបង្ហាញឱ្យមនុស្សគ្រប់គ្នា បានឃើញពីសមត្ថភាពរបស់ពួកគេ។ម្យ៉ាងវិញទៀតមនុស្សជោគជ័យភាគច្រើន គឺពួកគេតែងតែចូលចិត្តបង្ហាញ ច្រើនជាងនិយាយ ទាំងដែលមិនទាន់ធ្វើបានសម្រេច៕







