រដ្ឋាភិបាលសម្រេចរក្សាអត្រាប្រាក់ឈ្នួល១៣០ភាគរយសម្រាប់កម្មករ-កម្មការិនីកាត់ដេរនិងស្បែកជើងវេនយប់

ដោយ: សាវុធ

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាសម្រេចរក្សាទុកអត្រាប្រាក់ឈ្នួលការងារ សម្រាប់កម្មករ-កម្មការិនី ដែលបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងវេនយប់ឱ្យនៅចំនួនដដែល១៣០ភាគរយ ខណៈកម្មករ និយោជិតមួយចំនួន បានបង្ហាញពីការចង់ប្តូរវេនការងារពីថ្ងៃមកយប់ជំនួសវិញ និងមួយចំនួនផ្សេងទៀតចង់រក្សាវេនថ្ងៃដដែល ដោយសារសុខភាពមិនអំណោយផល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ លោកឡុង សុផាត កាលពីពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រាប់រស្មីកម្ពុជាថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការរក្សាប្រាក់ឈ្នួលពេលយប់ ១៣០ភាគរយ គឺពិតជាល្អ និងផ្តល់លទ្ធភាពកាន់តែច្រើនដល់កម្មករនិយោជិត ព្រោះថាមិនត្រឹមទទួលប្រាក់ឈ្នួលច្រើនជាងពេលថ្ងៃទេ ថែមទាំងផ្តល់ការងារថែមទៀតផង។

លោកបន្តថា ទោះបីជាប្រាក់ឈ្នួលវេនយប់ច្រើនជាងពេលថ្ងៃ ប៉ុន្តែលោកជឿថា កម្មករភាគតិចដែលចង់ធ្វើការវេនយប់ព្រោះខ្លាចប៉ះពាល់សុខភាពដោយសារអត់ងងុយ។ លោកបន្តទៀតថា នៅពេលមានដំណើរការងារវេនយប់ សម្រាប់រោងចក្រកាត់ដេរនានា និន្នាការដែលកម្មករមួយចំនួនចង់ធ្វើការវេនយប់ ដោយសារកត្តាជីវភាពដើម្បីដោះស្រាយការចំណាយប្រចាំថ្ងៃដែលគាត់ត្រូវបង្ខំចិត្តធ្វើការវេនយប់ច្រើនជាងពេលថ្ងៃ។

ប្រធានសម្ព័ន្ធសហជីពជាតិលោកហ្វា សាលីបានលើកឡើងថា លោកគាំទ្រចំណុចនេះរបស់រដ្ឋាភិបាល ប៉ុន្តែអ្វីដែល លោកចង់បាន និងអំពាវនាវបន្ថែមទៀត គឺសុំឲ្យបញ្ចប់ការធ្វើវិសោធនកម្មទៅលើមាត្រា១៦២ នៃច្បាប់ស្តីពីការងារ ដែលរដ្ឋាភិបាលសម្រេចលុបចោលឈប់សម្រាកសងថ្ងៃបុណ្យចំថ្ងៃអាទិត្យ ដូចទៅនឹងការកែសម្រួលថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការនាពេលកន្លងមក។

លោកបន្ថែមទៀតថា ក្រៅពីផ្តល់ការងារនិងប្រាក់ឈ្នួលខ្ពស់ដល់កម្មករនិយោជិត កម្ពុជាក៏អាចទាក់ទាញ ឬគៀងគរអ្នកវិនិយោគផ្សេងទៀតដែលគេចង់វិនិយោគ និងធ្វើការងារអ្វីដែលពាក់ព័ន្ធពេលយប់ផងដែរ ដែលការងារទាំងនេះសុទ្ធតែជាឱកាសល្អដូចគ្នា រវាងរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។

ពាក់ព័ន្ធនឹងប្រាក់ឈ្នួល១៣០ភាគរយខាងលើ ក្រុមកម្មករកាត់ដេរ ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា ដំណឹងនេះ ពិតជាធ្វើឲ្យពួកគាត់សប្បាយរីករាយណាស់ ហើយប្រសិនជាមានឱកាសឬមានជំរើស ពួកគាត់ចង់ធ្វើការវេនយប់ដោយសារប្រាក់ឈ្នួលទទួលបានច្រើនជាងពេលថ្ងៃ។ ជាមួយគ្នានេះ ក្រុមកម្មករបានសម្តែងការអរគុណដល់រដ្ឋាភិបាលដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ជាប់ជានិច្ច មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

លោកហេង សួររដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានឲ្យដឹងថា បច្ចុប្បន្នមិនមានរោងចក្រកាត់ដេរណាមួយធ្វើការពេលយប់នោះទេ។ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មទៅលើមាត្រាមួយចំនួន នៃច្បាប់ស្តីពីការងារ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរក្សាទុកអត្រាប្រាក់ឈ្នួលការងារដែលធ្វើការពេលយប់ឲ្យនៅចំនួន១៣០ភាគរយដដែល សម្រាប់កម្មករនិយោជិត ដែលបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែងកជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here