ដោយៈ ម៉ណេត
ភ្នំពេញៈ មានតែក្រុមហ៊ុនមូលបត្រ ដែលមានអាជ្ញាបណ្ណ និងជាសមាជិករបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យមានប្រព័ន្ធកុំព្យូទ័រតភ្ជាប់ជាមួយនឹងផ.ម.ក. ហើយ រាល់វិនិយោគិនទាំងអស់ ត្រូវបើកគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រជាសមាជិករបស់ ផ.ម.ក. និងដាក់បញ្ជាតាមរយៈសមាជិកនោះ។
ដោយមានឈ្មួញជើងសាមូលបត្រនៅក្បែរលោកអ្នក លោកអ្នកអាចស្នើសុំការប្រឹក្សាវិនិយោគ និងសេវាកម្មផ្ទាល់ខ្លួនផ្សេងៗទៀតពីពួកគេ។
យ៉ាងណាមិញ នៅពេលលោកអ្នកអាចដាក់បញ្ជរជួញដូរ ដោយខ្លួនឯងតាមរយៈប្រព័ន្ធជួញដូរចល័ត(MTS) ទៅកាន់ប្រព័ន្ធជួញដូររបស់ផ.ម.ក. បញ្ជាទាំងនោះនឹងត្រូវឆ្លងកាត់តាមប្រព័ន្ធជួញដូររបស់ឈ្មួញជើងសា មូលបត្រជាមុនសិន មុននឹងទៅដល់ប្រព័ន្ធជួញដូររបស់ផ.ម.ក.។
បច្ចុប្បន្ន មានក្រុមហ៊ុនមូលបត្រចំនួន១១ ដែលទទួលបានអាជ្ញាបណ្ណពីគ.ម.ក. និងបានចុះឈ្មោះជាសមាជិករបស់ផ.ម.ក. ដើម្បីធ្វើអាជីវកម្មធានាទិញមូលបត្រ ជួញដូរមូលបត្រ និងជើងសាមូលបត្រ។ បញ្ជីរាយនាមក្រុមហ៊ុនទាំងនោះ (List of CSX’s Members) ព្រមជាមួយព័ត៌មានទំនាក់ទំនងលម្អិតផ្សេងទៀត អាចស្វែងរកបាននៅលើគេហទំព័ររបស់ផ.ម.ក. ។
ជាការពិត លោក អ្នកគួរជ្រើសរើសក្រុមហ៊ុនឈ្មួញជើងសារ មូលបត្រណាមួយ ដោយផ្អែកលើលក្ខណៈសម្បត្តិ ដែលពួកគេមានដូចជា ភាពចម្រុះនៃសេវាកម្មដែលក្រុមហ៊ុនផ្តល់ឱ្យ គុណភាពសេវាបម្រើអតិថិជន និងអត្រាកម្រៃជើងសាជាដើម។
ថ្លៃកម្រៃជើងសាររបស់លោក អ្នក នឹងបានទៅអង្គភាពផ្សេងៗគ្នា ដែលមានតួនាទីនៅក្នុងទីផ្សារមូលបត្រ។ វានឹងជួយទ្រទ្រង់ប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធជួញដូរ និងមុខងារផ្សេងៗ របស់ទីផ្សារមូលបត្រទាំងមូល។ កម្រៃជើងសារនឹងត្រូវគិតតែនៅពេលបញ្ជារបស់លោក អ្នកត្រូវបានផ្គូផ្គងជោគជ័យតែប៉ុណ្ណោះ៕