ដោយៈ សាវុធ
ភ្នំពេញៈ វិនិយោគិនទាំងអស់ ត្រូវបានការពារដោយច្បាប់ ក៏ដូចជាវិធានផ្សេងៗដែលបានដាក់ចេញ ដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) ក្នុងគោលបំណងការពារវិនិយោគិន បង្ហាញតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ ការជួញដូរភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ផ្តល់ជូនលោកអ្នកនូវឱកាសនិងផលប្រយោជន៍ផ្សេងៗដូចជា៖
-ឱកាសមួយបន្ថែមទៀត ក្នុងការវិនិយោគជាមួយក្រុមហ៊ុនចុះបញ្ជី នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ជាជាងបើកអាជីវកម្មរកស៊ីខ្លួនឯង ឬចូលហ៊ុនរកស៊ីជាមួយបងប្អូនឬមិត្តភ័ក្ត្រ។
– ឱកាសក្លាយជាម្ចាស់ម្នាក់របស់ក្រុមហ៊ុនចុះបញ្ជី ដែលលោកអ្នកពេញចិត្ត បើទោះជាមានប្រាក់បន្តិចបន្តួចក៏ដោយ។
– ជាប្រភពចំណូលទីពីរ បន្ថែមលើប្រាក់បៀវត្សន៍ ឬក៏ប្រាក់ចំណេញពីអាជីវកម្ម ដែលមានស្រាប់ ក្នុងទម្រង់ជាភាគលាភឬប្រាក់ចំណេញពីការទិញលក់ភាគហ៊ុន។
– ជាជម្រើសមួយបន្ថែមទៀត សម្រាប់ការធ្វើពិពិធកម្ម សំណុំវិនិយោគរបស់លោកអ្នក គឺបន្ថែមលើការវិនិយោគលើវិស័យអចលនទ្រព្យ ឬការសន្សំមានកាលកំណត់នៅធនាគារ ជាដើម។
– មានភាពងាយស្រួលក្នុងការចូលវិនិយោគ បើទោះជាមានប្រាក់តិចតួចក៏ដោយ ហើយងាយស្រួលក្នុងការដកខ្លួនចេញវិញ នៅពេលដែលលោកអ្នកត្រូវការសាច់ប្រាក់វិញ។
– មិនមានពន្ធប្រថាប់ត្រាលើការជួញដូរមូលបត្រនៅ ផ.ម.ក.ទេ។
– មិនមានពន្ធកាត់ទុកលើភាគលាភ ដែលទទួលដោយនិវេសនជនកម្ពុជាទេ (រួមទាំងជនបរទេសផងដែរ) ហើយមានការបន្ធូរបន្ថយ៥០% លើពន្ធកាត់ទុក(១៤%) លើភាគលាភទទួលដោយអនិវេសនជន សម្រាប់រយៈពេលបីឆ្នាំដំបូង ដោយរាប់ចាប់ពីកាលបរិច្ឆេទប្រតិបត្តិការដំបូងរបស់ផ្សារមូលបត្រកម្ពុជា៕