កំពង់ផែភ្នំពេញរកចំណូកបានជាង១០លានដុល្លារអាមេរិក ក្នុងត្រីមាសទី១ឆ្នាំនេះ

ដោយៈ ម៉ាណា

ភ្នំពេញៈ ប្រតិបត្តិការ​អាជីវកម្ម​ របស់​កំពង់ផែស្វយ័តភ្នំពេញ(PPAP) ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ បាន​បង្ហាញភាព​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​បរិមាណនាវាដឹកទំនិញ ​ចំនួនកុងតឺន័រឆ្លងកាត់ និង​​ប្រាក់​ចំណូល បាន​​កើន​​ឡើង​ព្រម​គ្នា​ក្នុង​រង្វង់៣០ភាគរយ​​។​

យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន ​របស់​កំពង់ផែស្វយ័តភ្នំពេញ ដែលជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​(CSX) ​បានឱ្យ​ដឹង​ថា សេវា​កម្ម​​អនុវត្តសម្រាប់ត្រីមាស​ទី​១ ឆ្នាំ​២០២៥​(ពុំទាន់ធ្វើសវនកម្ម​)​ គឺ​មាន​​បរិមាណ​ទំនិញ​-ប្រេងឥន្ធនៈ ឆ្លងកាត់​ចំនួន១,២៩៥,៦៨៥ តោន​ កើនឡើង៣១,៨២ភាគរយ បើធៀបនឹងរយៈពេល​ដូចគ្នាក្នុង​​ឆ្នាំ​ ២០២៤​​។ ចំណែក​​បរិមាណកុងតឺន័រ​ឆ្លងកាត់​​ គឺ​១២១, ៤២៥ ធីអ៊ីយូ(TEU) កើនឡើង៣០,៣៥ភាគរយ និង​នាវាដឹក​ទំនិញ​មាន​ចំនួន​សរុប៨៩៧គ្រឿង កើន​ឡើង២៧,២៣ភាគ​រយ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយ​ឡែក​ប្រាក់​ចំណូល​សរុប​ដែល PPAP រក​បាន​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ គឺ​ប្រមាណ១០,៤១លាន​ដុល្លារ កើន​ឡើង២៩ ភាគ​រយ​។​ ​ប្រភព​ចំណូល​ទាំង​នេះ​​រួម​មាន ចំណូល​ពី​ប្រតិបត្តិការ​ផែចំណូល​ពី​អាជ្ញាធរ​ផែ និង​ចំណូល​ពី​សេវាកម្ម​ផ្សេងៗ​។​

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានលើកឡើងថា វឌ្ឍ​ន​ភាពក្នុងវិស័យដឹកជញ្ជូនទំនិញនៅកម្ពុជា មានសន្ទុះខ្លាំងចាប់​​តាំងពីចុងឆ្នាំ២០២៣ មក​ ដោយសារ​ការ​កើនឡើង​នៃ​អ្នកវិនិយោគ ដែល​ចូល​មក​បណ្តាក់​ទុន​​ផ្ទាល់​នៅ​កម្ពុជា​​កាន់​តែ​ច្រើន ដែល​​កំពុង​ជួយ​រុញ​ច្រានឱ្យមានការកើនឡើងក្នុង​វិស័យ​ការដឹកជញ្ជូនទំនិញ។

លោក​​បញ្ជាក់ថា “​​សម្រាប់ឆ្នាំ ២០២៥ នេះ យើងកត់សម្គាល់ឃើញពាក់ព័ន្ធ ជាមួយអ្នកវិនិយោគក្នុងចុងឆ្នាំ២០២៤ បានបង្ហាញការកើនឡើងជាងឆ្នាំ២០២៣ អ៊ីចឹង​សម្រាប់ឆ្នាំនេះ គឺខ្ញុំមានជំនឿថា​អាចនឹងល្អ​ប្រសើរជាងឆ្នាំ ២០២៤បន្ថែម​ទៀត ជាក់​ស្តែង​រយៈ​ពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ២០២៥នេះ​”។

យោងតាមរបាយការណ៍​​បង្ហាញថា ក្នុង​ឆ្នាំ​២០២៤ កំពង់ផែស្វយ័តភ្នំពេញ មាន​បរិមាណនាវាឆ្លងកាត់ មានចំនួន៤,៨៩៤គ្រឿង កើនឡើង២៦,៨២ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ចំណែក​ចំនួនកុងតឺន័រ ឆ្លងកាត់ ៤៨០ ២០០ធីអ៊ីយូ(TEU) កើនឡើង២១,១៩ ភាគរយ និង​ទំនិញ-ប្រេងឥន្ធនៈ ឆ្លងកាត់៤,៨០៦,៦៥៤តោន កើន១៥.៩១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here