ស្ថាបត្យកម្មប៉មសសរនៅក្នុងគម្រោងស្ពានបេតុងខ្សែកាបកោះនរាហ៍បានលេចចេញជារូបរាងហើយ

ដោយៈ សុផារី

ភ្នំពេញៈ ប៉មនៃសសរស្ពាន ដែលប្រើប្រាស់ស្ថាបត្យកម្មបុរាណសម័យទំនើប នៅក្នុងគម្រោងស្ពានបេតុងខ្សែកាបតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងរនបកោះនរាហ៍ រាជធានីភ្នំពេញបានចេញជារូបរាងហើយ។

ស្ថាបត្យកម្មប៉មនៃសសរស្ពាននេះ ត្រូវបានរចនាឡើងដោយយកគំនិតពីក្នុងការរចនារបស់ម្កុដ នៃរូបសំណាក់ទេវតា ឬអប្សរាក្នុងរចនាបថប្រាសាទបាយ័ន ដែលរចនាលោក ជួន ពិសាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូលហេតុដែលបានយកមកុដ នៃចម្លាក់ទេវតាជាអប្សរា នៅក្នុងរចនាបថបាយ័ន យកមកធ្វើជាគំនិតនៅក្នុងការរចនា ប៉មសសរស្ពានបេតុងខ្សែកាបកោះនរាហ៍ ព្រោះមកុដនេះ គឺជាការកែច្នៃប្រឌិតដ៏ប្រណិតមួយរបស់ខ្មែរនៅក្នុងសម័យកាលនោះ ហើយក៏ជាគ្រឿងប្រដាប់ដ៍មានតម្លៃ ដែលធ្វើអំពីមាសសុទ្ធ មានកំពូលរំលេចដោយក្បាច់ រចនាដ៏វិចិត្រដាក់ដាំត្បូង ហើយក៏មានក្នុងបន្ស៊ីគ្នា ជាមួយមុខកាត់សសរស្ពានផងដែរ។


រូបចម្លាក់បុរាណខ្មែរ ធ្វើមកពីសំរិទ្ធក្នុងរចនាបទបាយ័ន ជាអប្សរារីរូបសំណាកទេវតា ដោយអប្សរាគឺជាវិញាណស្ត្រីនៃពពក និងទឹកនៅក្នុងទេវកថា ហិណ្ឌូ និងពុទ្ធសាសនាដែលជា” ស្រីទេពអប្សរ ឬស្រីក្រមុំឋានសួគ៌” ដែលតំណាងឱ្យភាពវ័យក្មេង និងឆើតឆាយនិងពូកែសិល្បៈរាំ។

ក្បាច់នៅលើសរសរស្ពានរចនាឡើង ដោយបានស្រង់ចេញពីក្បាច់ផ្កាចន្ទន៍នៃសូរងអប្សរា ដែលមានប្រវត្តិទាក់ទងនឹង រឿងព្រេងបុរាណដ៏ល្បីល្បាញរបស់ខ្មែរយើងផងដែរ គឺរឿងព្រះថោងនាងនាគ។ផ្កាចន្ទន៍ជានិមិត្តរូបនៃនាងនាគ ដែលជាម្ចាស់ទឹកដីនៃដែនសុវណ្ណភូមិខ្មែរ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន OCIC បានបង្ហាញអំពីលក្ខណៈបច្ចេកទេស នៃគម្រោងស្ថាបនាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរាហ៍ គឺតួស្ពានបេតុងខ្សែកាប និងផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប៨២៤ម៉ែត្រ ក្នុងនោះទទឹងស្ពានមានទំហំ២៤,៥ម៉ែត្រ និងបណ្តោយស្ពានបេតុងមានប្រវែង៤៨៣ម៉ែត្រ។

សសរសម្រាប់ព្យួរខ្សែកាប មានកម្ពស់៦០ម៉ែត្រ គិតចាប់ពីផ្ទៃតួស្ពានទៅលើអាកាស សសរស្ពានសម្រាប់ព្យួរខ្សែកាបសរុបចំនួន២ ក្នុងនោះស​ស​រស្ពាននីមួយៗ ប្រើប្រាស់គ្រិះខួងចំនួន១៨ដើម អង្កត់ផ្ចិតទំហំ២ម៉ែត្រ។

ស្ពានបេតុងខ្សែកាបនេះ ចំណាយក្នុងការសាងសង់ចំនួន៣៨លានដុល្លាអាមេរិក និងចំណាយរយៈពេលសាងសង់៣៥ខែ វិនិយោគដោយក្រុមហ៊ុន OCIC៕

LEAVE A REPLY

Please enter your comment!
Please enter your name here