លោក ហ៊ុន ម៉ានី ណែនាំឱ្យយុវជនពង្រឹងសមត្ថភាពរបស់ខ្លួនឯងជាប្រចាំនិងធ្វើខ្លួនឲ្យស័ក្តិសមជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ

ដោយ៖ សហការី

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធាន គណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់កិត្តិយសជាលើកទី៤ អញ្ជើញជាវាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍ ដ៏មានតម្លៃនៅក្នុងកម្មវិធីបោះជំរំអន្តរជាតិប្រចាំឆ្នាំ២០២២ នៅកម្ពុជា (World Camp 2022)។

កម្មវិធីបោះជំរំអន្តរជាតិប្រចាំឆ្នាំ២០២២ នៅកម្ពុជា (World Camp 2022) លើប្រធានបទ “ការអប់រំចិត្តយុវជន ឲ្យមានភាពជាអ្នកដឹកនាំ ប្រកបដោយសីលធម៌ និងគុណធម៌” នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ការចែករំលែកនូវបទពិសោធន៍នេះ គឺបានជូនដល់សិស្ស-និស្សិត ជាង២.៧០០នាក់ ប្រកបដោយអត្ថន័យ និងខ្លឹមសារអប់រំ ដែលបានជំរុញលើកទឹកចិត្តដល់សិស្ស-និស្សិតទាំងអស់ឲ្យខិតខំសិក្សារៀនសូត្រ ចេះរៀបចំផែនការជីវិត បង្កើតក្តីស្រមៃដើរតាមក្តីស្រមៃ និងមានក្តីសង្ឃឹមជានិច្ចនៅក្នុងជីវិត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានណែនាំឱ្យ យុវជនត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឯងជាប្រចាំ និងធ្វើខ្លួនឲ្យស័ក្តិសមជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបានកាន់តែរីកចម្រើនជឿនលឿន នាពេលអនាគត។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកបណ្ឌិត បាក់ អុកស៊ូ ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) មកពីប្រទេសកូរ៉េខាងត្បូង និងលោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប ព្រមទាំងមានវត្តមានចូលរួមពី លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ផងដែរ។

កម្មវិធីបោះជំរំអន្តរជាតិនេះ បានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលមហោស្របកោះពេជ្រ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here