ក្រសួងមហាផ្ទៃបន្តពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ដោយ៖ សហការី

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កំពុងពិនិត្យលើសេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងធានាសុចរិតការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងការពារសិទ្ធិសេរីភាពរបស់បុគ្គល។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍រំលឹកនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ថា សេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានចងក្រង និងរៀបចំតាក់តែងឡើង តាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយក្រុមការងាររៀបចំច្បាប់នេះ បានធ្វើការសិក្សាស្រាវជ្រាវ និងរៀបចំឡើងដោយមានការគាំទ្រពីស្ថាប័នជាតិផងដែរ។

សម្ដេចក្រឡាហោមបន្ដថា សេចក្ដីព្រាងច្បាប់ ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន នេះ ក៏មានការចូលរួមពិភាក្សា និងផ្ដល់យោបល់បន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៥ រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងយុត្តិធម៌។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម បានធ្វើសេចក្ដីរាយការណ៍សង្ខបអំពីច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលថា ច្បាប់នេះមានគោលបំណងធានាសុចរិត នៃការប្រើប្រាស់ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងការពារសិទ្ធិសេរីភាពរបស់បុគ្គល ដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាព័ត៌មាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here