កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននៅខេត្តសៀមរាបនាចុងសប្តាហ៍នេះ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានឲ្យដឹងថាកម្ពុជានឹងដំណើរការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តី សេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រារព្វទ្បើងនៅថ្ងៃទី១១-១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

ព៌តមាននេះ ត្រូវបានលើកឡើងក្នុងជំនួនរវាងលោក និងលោកPaplo Kangឯកអគ្គរដ្ខទូតអូស្រ្តាលីកាលពីថ្ងៃទី៥ កញ្ញាកន្លងមកនេះ។

លោកប៉ាន សូរស័ក្តិបានមានប្រសាសន៍ឲ្យដឹងទៀតថា ក្រុមការងារក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជូននិងឆ្លើយតប ទៅនឹងចម្ងល់មួយចំនួនពាក់ព័ន្ធនឹងទ្បូជីស្ទីក និងការៀបចំទូទៅនានាផងដែរ។ លោកបានជម្រាបជូននូវវឌ្ឍនភាព នៃសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (PEDs) ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ជាពិសេសការចរចាដំទ្បើង កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- អូស្រ្តាលី-នូវែលហ្សេទ្បង់ (AAZNFTA Upgrade Negotiations)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានរំលឹកថា កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ច អាស៊ាន (AEM Special Meeting) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ បានពិនិត្យ និងផ្តល់អនុសាសន៍ណែនាំ ដល់ភាគីចរចារទាំងអស់ ដើម្បីអាចឈានដល់ការសម្រេចបាននូវជំហររួម សំដៅបញ្ចប់ការចរចាជាដុំកំភួន ស្របតាមពេលវេលាកំណត់។

ជាការឆ្លើយតប លោកPablo Kangបានមានប្រសាសន៍ថា

ភាគីចរចាទាំងអស់ត្រូវពន្លឿន កិច្ចពិគ្រោះយោបល់ផ្ទៃក្នុងរបស់ខ្លួន ដើម្បីអាចឈានដល់ការបញ្ចប់ ជាដុំកំភួនដូចការគ្រោងទុក ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត ក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ អូស្រ្តាលី ចំពោះកម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ផងដែរ។

ជាលទ្ធផល ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ លើវឌ្ឍភាពនៃកិច្ចសហប្រតិបត្តិការ លើវិស័យកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង រវាងក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងអូស្រ្តាលី (ACCC) ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here