ធនាគារនានានៅប្រទេសចិន កំពុងជាប់ផុងក្នុងវិបត្តិអអចលនទ្រព្យ និងសេដ្ឋកិច្ចដាំក្បាលចុះ

ដោយៈ សុខុម

ប៉េកាំង: វិបត្តិក្រុមហ៊ុនចិន China Evergrande Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យជំពាក់បំណុលច្រើនបំផុត ក្នុងពិភពលោក ជាមួយនឹងបំណុលសរុបរហូត ដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក បានបង្កការព្រួយបារម្ភ និងភាពជ្រួលច្របល់ពេញទីផ្សារប្រទេសចិន ក្រោ​យក្រុមហ៊ុននេះ បានខកខានទូទាត់បំណុលជាបន្តបន្ទាប់ ហើយហាក់កាន់តែធ្ងន់ធ្ងរទៅៗ។

ដោយសារមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរជាច្រើនខែ ទីបំផុតក្រុមហ៊ុន China Evergrande Group បានខកខានទូទាត់បំណុលក្នុងខែធ្នូ ចុងឆ្នាំ២០២១ ហើយបានបង្កការព្រួយបារម្ភ និងចលាចលកាន់តែខ្លាំង ដែលជះផលប៉ះពាល់ទៅលើក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ និងមានកេរ្តិ៍ឈ្មោះល្អៗបំផុតទូទាំងប្រទេសចិន។ នេះបើយោងតាមសារប័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៥ ខែកញ្ញា។

ទិន្នន័យពីសារព័ត៌មានដ៏ល្បីល្បាញ Bloomberg បង្ហាញថា ការខកខានទូទាត់បំណុល នៅក្នុងទីផ្សារមូលបត្របំណុល ក្រៅប្រទេសរបស់ប្រទេសចិន បានកើនឡើងដល់១៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន ហើយវាបានកើនឡើង រហូតដល់៣៧,៣ពាន់លានដុល្លារអាមេរិក នៅឆ្នាំនេះ។

តម្លៃផ្ទះថ្មី នៅក្នុងទីក្រុងចំនួន៧០នៃប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេល១១ខែជាប់គ្នា ខណៈការលក់ក្នុងចំណោម ក្រុមហ៊ុនអភិវឌ្ឍន៍កំពូលៗទាំង១០០បានដាំក្បាលចុះ១២ខែជាប់ៗគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយបាត់បង់ទំនុកចិត្ត នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន កាន់តែខ្លាំងឡើងៗ អ្នកទិញផ្ទះរាប់ម៉ឺនសែននាក់ បានផ្អាកបង់ប្រាក់កម្ចីទិញផ្ទះ ក្នុងគម្រោងសាងសង់មិនទាន់ចប់ ដែលធ្វើឱ្យធនាគារនានាជាប់ផុងនៅចន្លោះវិបត្តិអចលនទ្រព្យ និងសេដ្ឋកិច្ចដាំក្បាលចុះ។

យោងតាមក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន Nomura ឱ្យដឹងថា ក្រុមហ៊ុនអភិ​វឌ្ឍន៍នានា ប្រគល់ឱ្យអ្នកទិញបានតែ៦០%ប៉ុណ្ណោះ នៃផ្ទះដែលពួកគេបានបើកលក់ Pre-sale (ការបើកលក់មុនពេលគម្រោងចាប់ផ្ដើម) ចន្លោះពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០។

ស្ថានភាពនៅពេលនេះ មិនត្រឹមតែគំរូលក់ Pre-sale ខូចប៉ុណ្ណោះទេ សូម្បីការគំរាមកំហែងនៃអស្ថិរភាពសង្គម និងការចុះកាន់តែខ្លាំងនូវគុណភាពទ្រព្យសកម្ម ក្នុងវិស័យធនាគារក៏កាន់តែមានភាពធ្ងន់ធ្ងរទៅដែរ។

នៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ ក្រុមហ៊ុនវាយតម្លៃគុណភាពឥណទានអាមេរិក S&P Global Ratings លើកឡើងថា ការធ្វើពហិការមិនបង់ប្រាក់កម្ចីទិញផ្ទះពីសំណាក់អ្នកទិញ “មិនត្រឹមតែជាហានិភ័យ បង្កអស្ថិរភាពសង្គមប៉ុណ្ណោះទេ ហើយបើការធ្វើពហិការនេះ រីករាលដាលកាន់តែធំ វាថែមទាំងអាចបង្កអស្ថិរភាពហិរញ្ញវត្ថុ ជាពិសេសប្រសិនបើវាបណ្តាលឱ្យតម្លៃផ្ទះ ដាំក្បាលចុះខ្លាំង”៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here