រដ្ឋាភិបាលស្នើអាមេរិកជួយបន្តផ្តល់ប្រព័ន្ឋអនុគ្រោះពន្ឋបន្តទៀត

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានស្នើ​ឱ្យ​សមាជិកសភា​សហរដ្ឋអាមេរិក​ជួយ​គាំទ្រ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក​ដល់​កម្ពុជា​បន្តទៀត ខណៈ​វិស័យ​ផលិ​តផល​សម្ភារៈ​ធ្វើដំណើរ​កំពុង​ទន្ទឹងរ​ង់​ចាំ​ការសម្រេច​ពី​ខាង​សភា​អាមេរិក​។​

សំណើរ​នេះ​បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ​-​កម្ម​ជាមួយ លោកស្រី Carol Miller សមាជិកសភា​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ West Virginia នៅ​ថ្ងៃទី​៣០ ខែ សីហា ឆ្នាំ ២០២២ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ក្នុង​គោលបំណង​សិក្សា​ពី​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា និង​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២​។

លោកប៉ាន សូរ​សក្តិ បាន​លើកឡើងថា កម្ពុជា​ទទួលបាន​ប្រយោជន៍​ច្រើន ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក ដែល​បាន​ទាក់ទាញ​រោងចក្រ​ផលិត​សម្ភារៈ ​ធ្វើដំណើរ​ជាច្រើន​មក​កម្ពុជា និង​បាន​បង្កើត​ការងារ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បញ្ជាក់ថា​ “ក្រសួង​ស្នើឱ្យ​សមាជិកសភា​សហរដ្ឋអាមេរិក​ជួយ​គាំទ្រ និង​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​របស់​សហរដ្ឋអាមេរិក​ដល់​កម្ពុជា​បន្តទៀត និង​ស្នើ​ឱ្យជួយ​គាំទ្រ​ក្នុងការ​អភិវឌ្ឍ ​លើ​វិស័យ​បច្ចេកវិទ្យា ស្របតាម​បរិបទ​ថ្មី​នៃ​សង្គម​ឌីជីថល ខណៈដែល​ពេលបច្ចុប្បន្ន កម្ពុជាក៏មាន​តម្រូវ​ការចាំបាច់​លើ​ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ អ្នកបច្ចេកទេស និង​ការអភិវឌ្ឍ​ធន​ធាន​មនុស្ស​ជាដើម”​។​

ជាមួយគ្នានេះ លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​មានប្រសាសន៍ ក្រោយជំនួ​បខាងលើរយៈពេលមួយថ្ងៃថា ការទន្ទឹងរង់ចាំ​ការបន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហរដ្ឋអាមេរិក​នេះ មិនមែន​មានតែ​កម្ពុជា​ទេ ប្រទេស​ដែលមាន​ការ​អភិវឌ្ឍ​តិចតួច ​(LDCs) ផ្សេងទៀត​ក៏​កំពុង​រង់ចាំ​ដូចគ្នា​។

លោកបន្ត​ថា បើតាម​ការបញ្ជាក់​ពី​លោកស្រី លោកស្រី Carol Miller ដែលជា​សមាជិកសភា​ស​ហ​រដ្ឋ​អាមេរិក គឺ​ខាង​សភា​អាមេរិក​មិនទាន់បាន​ដាក់បញ្ចូល​ប​ញ្ហា​នេះ ទៅក្នុង​របៀបវារៈ​នៅឡើយ​ទេ​។ ការណ៍​នេះបានធ្វើឱ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​ធម្មតា ទៅលើ​ទំនិញ​ដែល​បាន​នាំទៅ​អាមេរិក ដូចជា​ផលិតផល​ធ្វើដំណើរ​ជាដើម​។​

ចំណែកលោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់​នៅ​កម្ពុជាបាន​ប្រាប់ឱ្យដឹង​ដែរ​ថា តាម​ដំណឹង​ដែល​លោក​ទទួលបានសមាជិកសភា​មួយចំនួន​ បាន​ព្យាយាម​ជំរុញឱ្យមាន​ការអនុញ្ញាត ​ឡើងវិញ​នៅមុន​ដំណាច់ឆ្នាំ ប៉ុន្តែ​អ្វីៗ​មាន​ភាព​ស្មុគស្មាញ​ ដោយសារ​បញ្ហា​ផ្សេងទៀត​។

លោក​បាន​បន្ថែមថា សម្រាប់​ផលិតផល​ធ្វើដំណើរ និង​កាបូប​ចាប់ពី​ឆ្នាំ ​២០១៦ រហូតដល់​ចុងឆ្នាំ​២០២០ គឺ​បានទទួល​ការអនុគ្រោះ​ពន្ធ​ពី GSP ប៉ុន្តែ​ចាប់ពី​ដើមឆ្នាំ​ ២០២១​ មក រហូតដល់​ពេលនេះ ការនាំ​​ចេញទៅ​អាមេរិក​សម្រាប់​ផលិតផល​នេះ ត្រូវ​បង់ពន្ធ​ជាធម្មតា ខណៈ​ផលិតផល​សម្លៀក​​បំពាក់ និង​ស្បែកជើង មិនបាន​ទទួល​ការ​​អនុគ្រោះ​ក្រោមGSP ​នេះ​ទេ តាំងពីដើម​មក​។

លោក​បាន​បញ្ជាក់ថា “​គ្មាន​នរណាម្នាក់​អាច​ដឹង​ច្បាស់​ថា ការបន្ត​ផ្តល់ (GSP) របស់​សហរដ្ឋអាមេរិក​នេះ នឹងធ្វើ​នៅពេលណា​។ មានតែ​ផលិតផល​ធ្វើដំណើរ និង​កាបូប​ទេ ដែល​បានការ​អនុគ្រោះ​ពីGSP ហើយ​តាំងពី​ដំបូង​មក ការនាំចេញ​សម្លៀក​​បំពាក់ និង​ស្បែកជើង​របស់​យើង​ ត្រូវ​បង់ពន្ធ​នាំចូល​ប្រហែល១៧ភាគរយ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here