អ្នកធុរកិច្ចកម្ពុជា ចិន ម៉ាឡេស៊ីសហការគ្នារៀបចំវេទិកាកាលានុវត្តន៍ ភាពធុរកិច្ចនៅកម្ពុជា

ដោយៈគង់ ម៉ាលីន

       ភ្នំពេញៈ សហគ្រិនកម្ពុជា ចិន និងម៉ាឡេស៊ីបានរៀបចំវេទិកាស្តីពី “កាលានុវត្តភាពធុរកិច្ច និងការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចតំបន់

នេះជាវេទិកាមួយដើម្បីបង្កើននូវទំនុកចិត្ត និងផ្តល់ឱកាសដល់សហគ្រិនចិន កម្ពុជា និងម៉ាឡេស៊ី បង្កើតទំនាក់ទំនងពាណិជ្ជកម្ម តាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមលើកកម្ពស់ពាណិជ្ជកម្មពហុភាគី។

វេទិកានេះត្រូវបានរៀបចំដោយក្រុមមេធាវីអាស៊ីកម្ពុជា បានសហការជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងសមាគមពាណិជ្ជកម្មចិន ខេត្តគ័ងតុងនៅកម្ពុជា រៀបចំវេទិកាធុរកិច្ចនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់សហគ្រិនចិន កម្ពុជា និងម៉ាឡេស៊ី បង្កើតទំនាក់ទំនងពាណិជ្ជកម្ម តាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមលើកកម្ពស់ពាណិជ្ជកម្មពហុភាគី និងបង្កើតឱកាសសម្រាប់អ្នកទិញ និងអ្នកលក់ដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា ដើម្បីជួបជាមួយដៃគូអាជីវកម្ម និងអ្នកវិនិយោគទុន ព្រមទាំងបង្ហាញផ្លូវដល់វិនិយោគិនមកពីប្រទេសម៉ាឡេស៊ី និងប្រទេសចិនជាដើម ដើម្បីឱ្យមើលឃើញពីឱកាស នៃការវិនិយោគនៅប្រទេសកម្ពុជា តាមរយៈសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី។

លោកស្រី សេង វួចហ៊ុន ប្រធានក្រុមមេធាវី អាស៊ីកម្ពុជា និងជាប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានថ្លែងក្នុងពិធីបើកវេទិកាកាលពីថ្ងៃទី៣០ សីហាកន្លងមកថា វេទិកានេះគឺជាព្រឹត្តិការណ៍តែមួយគត់ ដែលវិស័យឯកជន និងសាធារណៈប្រមូលផ្តុំគ្នាដើម្បីកំណត់ និងគូសបញ្ជាក់អំពីបញ្ហា ដែលពួកគេធ្លាប់មានបទពិសោធន៍ ក្នុងការធ្វើធុរកិច្ចក្នុងប្រទេសកម្ពុជា និងការវិនិយោគ លើវិស័យដែលមានសក្តានុពល រួមទាំងបង្កើតដំណោះស្រាយដែលយើងអាចធ្វើទៅបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា យ៉ាងណាមិញព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ បាននាំមកនូវយន្តការដ៏មានប្រសិទ្ធភាពមួយ ដែលនឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដើម្បីដឹងថា តើវាផ្តល់នូវសេរីភាវូបនីយកម្មកាន់តែច្រើន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលភ្ជាប់មកជាមួយនៃកិច្ចព្រមព្រៀង និងវិធានការសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសជាយុទ្ធសាស្ត្រ ដើម្បីបើកឱកាសឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយជោគជ័យ។

ជាមួយគ្នានេះ លោក ឆាយ ជិញអ៉ី តំណាងសមាគមពាណិជ្ជកម្មចិនខេត្តគ័ងតុងនៅកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សមាជិកវេទិកាបានយល់កាន់តែច្បាស់ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងចងមិត្តថ្មីៗ ហើយយើងទាំងអស់គ្នា ស្វែងរកឱកាស ដើម្បីវិនិយោគស្ថិតនៅក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ នៃសេដ្ខកិច្ចតំបន់រវាងកម្ពុជា និងម៉ាឡេស៊ី នឹងបង្កើតឱកាសកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។

លើសពីនេះ លោកចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានថ្លែងថា វេទិកាថ្ងៃនេះ គឺជាវេទិកាដ៏ល្អមួយបម្រើ ដល់កិច្ចសហប្រតិបត្តិការត្រីភាគី និងជាដៃគូជំនួញរវាងកម្ពុជា ម៉ាឡេស៊ី និងចិន

ចំណែកលោក ដាតូ វ៉ាំងសង់ឈូ អនុប្រធានសមាគមចែកចាយផលិតផលម៉ាឡេស៊ី បានលើកឡើងថា វិនិយោគិនម៉ាឡេស៊ីមានការកក់ក្តៅ ក្នុងការមកវិនិយោគនៅកម្ពុជា និងចាត់ទុកប្រទេសកម្ពុជាដូចប្រទេសខ្លួន និងមានការជឿជាក់កាន់តែខ្លាំង

លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ខួប៦៥ ឆ្នាំនៃទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងម៉ាឡេស៊ី បញ្ជាក់ពីសារសំខាន់នៃភាពរីកចំរើន ក្នុងវិស័យជាច្រើន ជាពិសេសកំណើនពាណិជ្ជកម្ម និងការវិនិយោគ។ ទោះបីក្នុងស្ថានភាពកូវីដ១៩ ក្តីពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរ មានចំនួន៥០០លានដុល្លារ ក្នុងឆ្នាំ២០២១កើន១៣% បើធៀបក្នុងឆ្នាំ២០២០ ផលិតផលនាំចេញទៅប្រទេសម៉ាឡេស៊ីមាន ដូចជា សម្លៀកបំពាក់ អង្ករ និងផលិតផលឧស្សាហកម្ម និងកត់សំគាល់ថាប្រទេសម៉ាឡេស៊ី នាំចូលអង្កកម្ពុជាច្រើនជាងគេ ក្នុងចំណោមប្រទេសក្នុងសមាជិកអាស៊ាន៕


LEAVE A REPLY

Please enter your comment!
Please enter your name here