អ្នកឧកញ៉ា គិត ម៉េង៖ សភាពាណិជ្ជកម្មកម្ពុជាត្រៀមខ្លួនជាស្រេចគាំទ្រដល់ការបណ្តាក់ទុនវិនិយោគរបស់ធុរជនជប៉ុន

ដោយ៖ សូរិយា

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា កម្ពុជាមានវិស័យសក្តានុពលសំខាន់ៗ ដែលធុរជនជប៉ុន អាចពិចារណាក្នុងការបណ្តាក់ទុនវិនិយោគ ហើយសភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជាស្រេចជួយគាំទ្រដល់សកម្មភាពធុរកិច្ច និងវិនិយោគទាំងនោះ។

ខណៈទំហំពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគផ្ទាល់របស់ជប៉ុន មកកម្ពុជាបន្តកើនឡើងគួរឱ្យកត់សម្គាល់ ការវិនិយោគរបស់ជប៉ុនមកកម្ពុជា បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងនោះវត្តមានរបស់ក្រុមហ៊ុនធំៗ របស់ជប៉ុន បានជួយផ្ទេរបច្ចេកវិទ្យា និងលើកកម្ពស់បែបផែនរស់នៅរបស់ប្រជាជនកម្ពុជា តួយ៉ាងដូចជាផ្សារទំនើបអ៊ីអន និងក្រុមហ៊ុនមីនីបៀជាដើម។

ការថ្លែងបែបនេះ របស់អ្នកឧកញ៉ា គិត ម៉េង បានធ្វើឡើងក្នុងអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថានាជំនួបពាណិជ្ជកម្មជាមួយគណៈប្រតិភូធុរកិច្ចជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលនុវត្តភាពធុរកិច្ច និងស្វែងរកដៃគូសហការ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ។

ជំនួបពាណិជ្ជកម្មនេះរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន សភាពាណិជ្ជកម្មកម្ពុជា និងសមាគមសហគ្រិនវ័យក្មេងនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីធុរជនកម្ពុជា និងជប៉ុនជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងនៃជំនួបពាណិជ្ជកម្មនេះ រួមមានទី១ ផ្តល់ឱកាសដល់ធុរជនជប៉ុន បានជួបពិភាក្សាដោយផ្ទាល់ជាមួយធុរជនកម្ពុជាទៅតាមវិស័យសក្តានុពលរៀងៗខ្លួន ទី២ ផ្សារភ្ជាប់ទំនាក់ទំនងរវាងធុរជនទាំងពីរប្រទេស និង៣ ចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក។

អ្នកឧកញ៉ា គិត ម៉េង មានប្រសាន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនជប៉ុន មកកម្ពុជា និងថ្លែងអំណរគុណអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដោយបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ កម្ពុជានិងជប៉ុន មានទំនាក់ទំនងល្អតាំងពីយូរលង់ណាស់មកហើយ

អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងអំពីវិស័យសក្តានុពលសំខាន់ៗ ដែលធុរជនជប៉ុន អាចពិចារណាក្នុងការបណ្តាក់ទុនវិនិយោគផងដែរ ហើយសភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជាស្រេចជួយគាំទ្រដល់សកម្មភាពធុរកិច្ច និងវិនិយោគទាំងនោះ។

អ្នកឧកញ៉ា បានជម្រាបគណៈប្រតិភូធុរកិច្ចជប៉ុនអំពីការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ និងបានអញ្ជើញគណៈប្រតិភូធុរកិច្ចជប៉ុន មកបំពេញទស្សនកិច្ចជាថ្មី នៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here