គណៈប្រតិភូសភាសហរដ្ឋអាមេរិក កោតសរសើរអំពីវឌ្ឍនភាពការងារ ក្នុងវិស័យបរិស្ថានកម្ពុជា

ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់  បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក  ដឹកនាំដោយឯកឧត្តម  Stephen Cohen ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងយល់អំពីវិស័យបរិស្ថានកម្ពុជា នាល្ងាច  ថ្ងៃទី២៩  ខែសីហា  ឆ្នាំ២០២២  នៅសណ្ឋាគារ  ហៃយ៉ាត់  រីជិនស៊ីភ្នំពេញ។

ក្នុងឱកាសនោះ  លោករដ្ឋមន្រ្តី  បានជម្រាបជូនអំពីវឌ្ឍនភាពក្នុងវិស័យ​បរិស្ថាន ដែលបានវិវឌ្ឍទៅតាមដំណើរសច្ចធម៌ ប្រវត្តិសាស្ត្រដែលប្រទេ​ស និងប្រជាជនកម្ពុជាបានឆ្លងកាត់ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាទៅតាមនិន្នាការពិភពលោក។

លោកបន្តថា “សុខសន្តិភាព និងស្ថិរភាពនយោបាយរឹងមាំ  គឺជាលក្ខ​ខណ្ឌដ៏ចាំបាច់បំផុត អនុញ្ញាតឱ្យមានវឌ្ឍនភាពសេដ្ឋកិច្ចសង្គមជារួម និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការផ្លាស់ប្តូរជាវិជ្ជមាននូវឥរិយាបថប្រជាជន ឱ្យយកចិត្តទុកដាក់និងផ្តល់សារសំខាន់ កាន់តែខ្លាំងលើបញ្ហាបរិស្ថាន និងការអភិរក្សធម្មជាតិ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសាយ សមអាល់បានបន្តថា ជាក់ស្តែង ប្រជាជនកម្ពុជា ជាពិសេសយុវជន ជាទូទៅមានការយល់ដឹង និងចូលរួមក្នុងកិច្ចការបរិស្ថាន ជាពិសេសប្រតិបត្តិមេត្រីបរិស្ថាន គួរឱ្យកត់សម្គាល់។ ជាងនេះទៀត ដោយ​សារវឌ្ឍនភាពសេដ្ឋកិច្ចជាតិ និងជីវភាពល្អប្រសើរជាលំដាប់ ប្រជាពលរដ្ឋកម្ពុជា បានងាកមកប្រើប្រាស់សេវាកម្មឧទ្យានជាតិ និងតំបន់ការពារធម្មជាតិកម្ពុជា ជាទីកន្លែងលំហែរកំសាន្ត និងស្វែងយល់បង្កើនចំណេះដឹងអំពីធម្មជាតិ និងជីវៈចម្រុះ កាន់តែច្រើនឡើងៗ មិនធ្លាប់មានពីមុនមក ដែលការណ៍នេះ បានជួយរួមចំណែកដល់កិច្ចការបរិស្ថាន ឱ្យស្ថិតនៅលើមាគ៌ាមួយជាវិជ្ជមាន។

ទន្ទឹមនឹងនោះលោករដ្ឋមន្រ្តី  ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់​កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍ប្រជាជាតិ  និងការធ្វើឱ្យកាន់តែប្រសើរឡើង នូវកិច្ចគាំពារបរិស្ថាន  ការអភិរក្សជីវចម្រុះ  និងការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាអំពីសារសំខាន់នៃការថែរក្សាព្រៃឈើឱ្យនៅឈរ ដើម្បីរកចំណូលបន្ថែម តាមរយៈការលក់ឥណទានកាបូន សំដៅលើកកម្ពស់ការអភិវឌ្ឍនៅមូលដ្ឋាន ផង និងចូលរួមដោះស្រាយបញ្ហាប្រឈម ជាសកលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here