រដ្ឋាភិបាលប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជនដើម្បីស្តារសេដ្ឋកិច្ច

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថាក្រោ​ម “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី សម្រាប់ឆ្នាំ២០២១-២០២​៣” រាជរដ្ឋាភិបាលបានដាក់ចេញ នូវមធ្យោបាយគាំទ្រ ការអនុវត្តវិធានការគោលនយោបាយសំខាន់ៗមួយចំនួន ដោយក្នុងនោះ រួមមាន ការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។

លោក ផាន់ ផល្លា រដ្ឋលេខាធិការ តំណាងឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍បែបនេះ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់ជាមួយលោកស្រី Preeti Sinha នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍មូលធននៃអង្គការសហប្រជាជាតិ (UNCDF) នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២កន្លងមកនេះ។

ការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MoU) ដើម្បីបំពេញបន្ថែមនូវក្របខណ្ឌ និងកិច្ចសហប្រតិបត្តិការ ដែលស្ថាប័នទាំងពីរបានឯកភាពគ្នា តាមរយៈMoU ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ កន្លងមក។

លោក ផាន់ ផល្លា បានលើកឡើងថា បន្ទាប់ពីច្បាប់ស្តីពី PPP ត្រូវបានប្រកាសឲ្យប្រើកាលពីខែវិច្ឆិកា ឆ្នាំ២០២១ រាជរដ្ឋាភិបាលគ្រោងនឹងដាក់ឲ្យប្រើប្រាស់ នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួម (SOP) សម្រាប់ការរៀបចំអភិវឌ្ឍ និងគ្រប់គ្រងគម្រោងភាពជាដៃគូ រវាងរដ្ឋ និងឯកជននាពេលឆាប់ៗនេះ។ ផ្អែកលើមូលដ្ឋាននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងUNCDF នឹងបន្តកិច្ចសហការលើការគាំទ្រ ក្នុងការរៀបចំបញ្ជីសំណើគម្រោងវិនិយោ​គសាធារណៈ តាមយន្តការPPP ដើម្បីចូលរួមចំណែកក្នុងការស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ដើម្បីសម្រេចកិច្ចការនេះ លោកបានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ចូលរួមនិងផ្តល់កិច្ចសហការលើការរៀបចំ សំណើគម្រោងវិនិយោគសាធារណៈ ដែលមានសក្តានុពលអនុវត្តតាមយន្តការ PPP”។

ជាមួយគ្នានេះ លោក ផាន់ ផល្លា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ UNCDF ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ននេះ ដើម្បីបន្តផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៅកម្ពុជា និងអភិវឌ្ឍន៍សមត្ថភាពជំនាញពាក់ព័ន្ធ ក្នុងការរៀបចំអភិវឌ្ឍគម្រោងវិនិយោគសាធារណៈ តាមយន្តការPPPផងដែរ។

MoU នេះ មានសុពលភាពរយៈពេល៣ឆ្នាំ ដែលនឹងលើកកម្ពស់ និងពង្រីកវិសាលកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ដែលធ្លាប់មានកន្លងមក ដោយផ្តោតសំខាន់ មានដូចជា៖ (១) ការគាំទ្រលើការផ្តល់ហិរញ្ញប្បទាន ប្រកបដោយនវានុវត្តន៍ (២) ការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាព (៣) ការគាំទ្រដល់ការផ្សព្វផ្សាយច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ (៤) ការគាំទ្រដល់ការរៀបចំអភិវឌ្ឍគម្រោង PPP និង (៥) ការគាំទ្រដល់ការរៀបចំបង្កើតយន្តការ គាំទ្រហិរញ្ញវត្ថុសម្រាប់គម្រោង PPP៕

LEAVE A REPLY

Please enter your comment!
Please enter your name here