អ៊ុយក្រែនស្នើសុំកម្ចី២០ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

ដោយៈ សុខុម

ក្រុងគៀវ: ប្រទេសអ៊ុយក្រែននៅពេលនេះ កំពុងតែស្វះស្វែងស្នើសុំកម្ចីពី១៥ ទៅ២០ពាន់លានដុល្លារ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ឱ្យបានមុនដំណាច់ឆ្នាំ២០២២ ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញ។


នេះបើយោងតាមអ្វីដែលលោក Kyrylo Shevchenko ទេសា​ភិបាលធនាគារកណ្តាលប្រទេសនេះ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា។

សង្គ្រាមដែលរុស្ស៊ី បានបញ្ឆេះចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ២០២២ បានធ្វើឱ្យសេដ្ឋកិច្ចរបស់អ៊ុយក្រែន ប្រឈមនឹងការដាំក្បាលចុះ រហូតដល់ទៅចន្លោះពី៣៥% ទៅ៤៥%ក្នុងឆ្នាំ២០២២ នេះ និងឱនភាពសារពើពន្ធ ប្រចាំខែដល់ទៅ៥ពាន់លានដុល្លារ ហើយត្រូវពឹងផ្អែកខ្លាំងលើហិរញ្ញប្បទានបរទេស ដែលទទួលបានពីបណ្ដាដៃគូលោកខាងលិច។

អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស លោក Kyrylo Shevchenko ដែលមានវ័យ៤៩ឆ្នាំ ក៏បានលើកឡើងដែរថា លោកសង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀង ប្ដូររូបិយប័ណ្ណជាមួយធ​នា​គារកណ្ដាលអង់គ្លេស “ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ” ប៉ុន្តែលោកមិនបានបញ្ជាក់ចំនួនទឹកប្រាក់ដែលត្រូវប្ដូរនោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទេសាភិបាលធនាគារកណ្តាលអ៊ុយក្រែន រូបនេះបានលើកឡើងថា រដ្ឋាភិបាលទីក្រុងគៀវ បានដាក់សំណើរបស់ខ្លួន ទៅកាន់មូលនិធិរូបិយវត្ថុអន្តរជាតិIMFរួចហើយ ហើយពេលនេះកំពុងស្ថិត ក្នុងដំណាក់កាលពិភា​ ក្សាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ជុំវិញការផ្តល់ហិរញ្ញប្បទានថ្មីនេះដែលលោកសង្ឃឹមថា នឹងផ្តល់រហូតដល់ទៅ២០ពាន់លានដុល្លារ ក្នុងរយៈពេល២ ឬ៣ឆ្នាំ។

នេះជាលើកទី១ ហើយដែលប្រទេសអ៊ុយក្រែន បានបញ្ជាក់ចំនួនហិរញ្ញប្បទានថ្មីនេះ ដែលខ្លួនត្រូវការពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ជាស្ថាប័នផ្តល់ប្រាក់កម្ចី ដែលមានមូលដ្ឋាននៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

កម្មវិធីផ្ដល់កម្ចី២០ពាន់លានដុល្លារនេះ នឹងក្លាយជាកម្ចីធំបំផុតទី២ ដែលផ្ដល់ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បន្ទាប់ពីប្រទេសអាហ្សង់ទីន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here