ធ្លាយដំណឹងដ៏អាស្រូវថា Elon Musk មានសាហាយស្មន់ជាមួយប្រពន្ធរបស់អតីតសហស្ថាបនិកក្រុមហ៊ុនGoogle

ដោយៈ សុខុម

ញូវយ៉ក: ស្ងាត់ៗស្រាប់តែធ្លាយដំណឹងអាស្រូវយ៉ាងកក្រើកថា មេក្រុមហ៊ុនផលិតរថយន្តអគ្គិសនីTesla ដ៏ល្បីល្បាញ លោក Elon Musk មានសាហាយស្មន់ជាមួយលោកស្រី Nicole Shanahan ដែលជាភរិយារបស់សហស្ថាបនិក Google គឺលោក Sergey Brin។

ទោះជាយ៉ាងណា ឆ្លើយតបទៅនឹងដំណឹងដ៏អាស្រូវនេះ កំពូលមហាសេដ្ឋី Elon Musk បានចេញមុខបដិសេធថា វាមិនមែនជាការពិតឡើយ វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៥ ខែកក្កដា នេះ។

ការបដិសេធរបស់លោក Elon Musk ធ្វើឡើងបន្ទាប់ពីកាសែត The Wall Street Journal បានចុះផ្សាយថា មិត្តភាពរបស់លោកជាមួយលោកSergey Brin ត្រូវបានបញ្ចប់ ដោយសារតែអំពើផិតក្បត់មិត្តស៊ីប្រពន្ធមិត្តនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Elon Musk ថែមទាំងបានអះអាងថា លោកនៅតែជាមិត្តនឹងលោក Sergey Brin ហើយថា ពួកលោក “ទើបតែចូលរួមកម្មវិធីជប់លៀងជាមួយគ្នាកាលពីយប់មិញទៀតផង”។

ដោយដកស្រង់ប្រភពដែលដឹងរឿងសម្ងាត់នេះ កាសែត The Wall Street Journal បានចុះផ្សាយថា លោក Elon Musk មានស្នេហាលួចលាក់មួយរយៈពេលខ្លី កាលពីចុងឆ្នាំមុនជាមួយលោកស្រី Nicole Shanahan។

កាសែតនេះក៏និយាយដែរថា រឿងអាស្រូវនេះបានជំរុញឱ្យលោក Sergey Brin ដាក់ពាក្យប្ដឹងសុំលែងលះកាលពីដើមឆ្នាំនេះ ដោយបញ្ចប់ចំណងមិត្តភាពដ៏យូរអង្វែងរវាងរូបលោក និងលោក Elon Musk។

ប៉ុន្តែលោក Elon Musk បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា “ខ្ញុំបានជួបលោកស្រីNicole តែ២ដងគត់ក្នុងរយៈពេល៣ឆ្នាំមកនេះ ហើយការជួបគ្នា២ដងនោះទៀត គឺមានមនុស្សជាច្រើននៅជុំវិញ មិនមែនជួបគ្នាស្ងាត់ៗតែ២នាក់ឡើយ។ គ្មានរឿងស្នេហាអីនោះទេ”៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here