រដ្ឋាភិបាលអនុម័តគំរោងវិនិយោគលើទឹកប្រាក់ជិត ៣០០០លានដុល្លារក្នុងឆមាសទី១

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងវិនិយោគចំនួន៩៨ និងមានទុនវិនិយោគសរុបចំនួន២៩៩៨លានដុល្លារអាមេរិក ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភា បានមានប្រសាសន៍ឲ្យដឹងថា អ្នកវិនិយោគមានការចាប់អារម្មណ៍ ចំពោះសក្ដានុពលវិនិយោគនៅកម្ពុជា ខណៈរយៈពេល៦ខែ ឆ្នាំ២០២២នេះ ការវិនិយោគមានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៩៨គម្រោង ដែលមានទុនវិនិយោគសរុបជាង២៩៩៨លានដុល្លារ បង្កើតការងារបាន៧២,៣២៩កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ ចិន្តាសោភាបានបន្តថា ការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានវិធានការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ បានដល់អត្រាខ្ពស់បំផុត ដែលធ្វើឲ្យមានភាពសុំាសហគមន៍។

លោកបន្តថា “អ្នកវិនិយោគមានការចាប់អារម្មណ៍ ចំពោះសក្ដានុពលកម្ពុជា ខ្ញុំបានធ្វើការសរុបតួលេខ សម្រាប់ឆមាសទី១ នៃឆ្នាំ២០២២ បានឲ្យឃើញថា បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២១ មានភាពល្អប្រសើរ និងមានការកើនឡើង”។ លោកបន្ថែមថា “ការកើនឡើងនៃការវិនិ​យោគ គឺដោយសារតែមានវិធានការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ប៉ុន្ដែការកើនឡើងនេះ បើប្រៀបធៀបនឹងឆ្នាំ ដែលមិនទាន់មានកូវីដ-១៩ គឺវានៅទាបនៅឡើយ”។

ទោះជាការវិនិយោគមានការកើនឡើងក្តី ប៉ុន្តែលោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ការវិនិយោគចាប់ផ្ដើមងើបហើយ ប៉ុន្តែទម្រាំទៅដល់តួលេខ ដូចពេលអត់កូវីដ១៩ ត្រូវរង់ចាំរយពេលបនិ្ដច ប៉ុន្ដែមានក្ដីសង្ឃឹមនិងមានសញ្ញា​ល្អច្រើន។

លោកបានបញ្ជាក់ថា ចំពោះវិបត្ដិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន មិនមែនតែកម្ពុជានោះទេ គ្រប់ប្រទេសទាំងអស់ គឺសុទ្ធតែមានក្ដីកង្វល់ ហើយក្ដីកង្វល់នោះ គឺការឡើងថ្លៃប្រេងធ្វើឲ្យឡើងថ្លៃថាមពល ឡើងថ្លៃដឹកជញ្ជូន និងឡើងថ្លៃស្បៀងជាដើម ។ អ្នកវិនិយោគលើពិភពលោក តែងតែមិនមានសកម្មភាពនោះទេ នៅពេលដែលមានវិបត្ដិសង្គ្រាម ព្រោះថាវាមិនអាចប៉ាន់ប្រមាណ និងអត់មានអ្នកណាហ៊ាននិយាយ ចំពោះរយៈពេលវេលាណាមួយ លើសេដ្ឋកិច្ចយ៉ាងម្ដេចនោះទេ ហើយនេះជាអ្វីដែលអ្នកវិនិយោគខ្លាចបំផុត។

លោកសង្ឃឹមថា “វិបត្តិនេះនឹងមានការដោះស្រាយ ហើយបើប្រសិ​នជាមានការធូរស្រាល ពីវិបត្តិពីផលប៉ះពាល់ ទៅលើសេដ្ឋកិច្ចពិភពលោកនេះ កម្ពុជាបានត្រៀមខ្លួនរួចហើយ សម្រាប់ទទួលអ្នកវិនិយោគ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here