ក្រសួងពាណិជ្ជកម្មដាក់ឲ្យដំំណើរការកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្រ្តីក្តសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា និងឯកសារគតិយុត្តផ្សេងៗទៀត។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី អ្នកឧញ៉ាគិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារ កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំកម្ពុជា ឯកឧត្ដម លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់និងមន្រ្តីពាក់ព័័ន្ឋជាច្រើនទៀត។

លោករដ្ឋមន្រ្តី បានលើកឡើងថា កម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជាឯកសារគតិយុត្តគោលមួយ ដើរតួជាឯកសារយុទ្ធសាស្រ្តសម្រាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធ កសាងគោលនយោបាយ ផែនការសកម្មភាព និងយន្តការអនុវត្តដោយប្រកាន់ខ្ជាប់នូវ កិច្ចការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ហើយការបង្កើតឯកសារទាំងនេះឡើង ក៏ជាមនសិការរបស់កម្ពុជាក្នុងការបំពេញនូវអនុសាសន៍ និងការអនុវត្តល្អជាអន្តរជាតិ ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានឯកសារគោលការណ៍ណែនាំស្តីពី ការបង្កើតសមាគមអ្នកប្រើប្រាស់តាមវិស័យ (Consumer Protection Association) ផងដែរ។

លោកប៉ាន សូរស័ក្តិបានបន្តថា ចាប់តាំងពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានអនុម័ត ដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមមក ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ សហការជាមួយទីភ្នាក់ងារកិច្ច សហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងសភាពាណិជ្ជកម្មកម្ពុជា បាននឹងកំពុងបន្តបើកវគ្គផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ភាគីពាក់ព័ន្ធជាពិសេសវិស័យឯកជននៅតាមបណ្តាខេត្ត និងរាជធានី បានជាច្រើនវគ្គរួចមកហើយ។

នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ មុំទី៤ ចំណុចទី៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា បានចែងយ៉ាងច្បាស់អំពី ការជំរុញរៀបចំ និងអនុម័តច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ និងរៀបចំយន្តការអនុវត្ត ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពអ្នកប្រើប្រាស់ លើកកម្ពស់សុខភាព ពង្រឹងស្តង់ដារទំនិញ និងសេវា ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែង។

ក្នុងបរិបទនេះកម្មវិធីជាតិស្តីពីកិច្ចការពារអ្នក ប្រើប្រាស់នៅកម្ពុជាព្រមទាំងច្បាប់ និងឯកសារគតិយុត្តក្រោមច្បាប់ជាច្រើនទៀត ត្រូវបានរៀបរៀង និងអនុម័តឡើង ដើម្បីធ្វើសុខដុមនីយកម្មក្របខណ្ឌ កិច្ចការពារអ្នកប្រើប្រាស់ឱ្យមានសង្គតិភាព សម្រាប់ជំរុញទីផ្សារឱ្យមានសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់ សំដៅពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងបង្កើនទំនុកចិត្តក្នុងធុរកិច្ច ដែលធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពសេដ្ឋកិច្ច។

លោកបន្ថែមថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ដែលមានអគ្គនាយកដ្ឋានក.ប.ប. ជាសេនាធិការ បាននិងកំពុងអនុវត្តតួនាទី និងភារកិច្ចដែលផ្តល់អាណត្តិដោយច្បាប់ ដើម្បីចូលរួមអនុវត្តគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា សំដៅជំរុញឱ្យការធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុចរិតភាព ការប្រកួតប្រជែងដោយស្មើភាព ទប់ស្កាត់និងបង្រ្កាបការក្លែងបន្លំពាណិជ្ជកម្ម ធានាគុណភាព សុវត្ថិភាព និងអនុលោមភាពលើផលិតផលទំនិញនិងសេវា និងការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់។

ការដាក់ចេញឯកសារគតិយុត្តនានា និងការជំរុញឱ្យមានការអនុវត្តច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់បានឆ្លុះបញ្ចាំងឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីការពារអ្នកប្រើប្រាស់។ នេះមិនត្រឹមតែមានសារសំខាន់ សម្រាប់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតម្រូវការបន្ទាន់សម្រាប់សមាហរណកម្មសេដ្ឋកិច្ច កាន់តែទូលំទូលាយទាំងក្នុងតំបន់ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here