លោក Antony Blinken សរសើរថៃមិនដាច់ពីមាត់ចំពោះការជួយអាមេរិកពង្រឹងឥទ្ធិពលនៅអាស៊ី ទប់ទល់នឹងចិន

ដោយសុខុម

បាងកក: រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃ អាទិត្យ ទី១០ ខែកក្កដា បានសរសើរមិនដាច់ពីមាត់ចំពោះតួនាទីរបស់ប្រទេសថៃ នៅក្នុងជួយជ្រោមជ្រែងដល់ការពង្រឹងឥទ្ធិពលជាថ្មីឡើងវិញរបស់សហរដ្ឋអាមេរិក នៅអាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់មហាយក្សចិន។

ការសរសើរនេះធ្វើឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោក Antony Blinken មកកាន់ប្រទេសថៃ ហើយទន្ទឹមនេះលោកក៏បានរិះរកមធ្យោបាយថ្មីៗ ដើម្បីជួយស្ដារលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា ឡើងវិញផងដែរ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក រូបនេះបានចុះកិច្ចព្រមព្រៀងមួយដោយសន្យាបន្តពង្រឹង និងពង្រីកទំនាក់ទំនង ហើយលោកក៏បានគូសបញ្ជាក់ពីការទទួលយករបស់ប្រទេសថៃ នូវផែនការសេដ្ឋកិច្ចថ្មីដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់តំបន់អាស៊ី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។

ក្រោយជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai លោក Antony Blinken បានពោលសរសើរថៃ ថា “យើងមានប្រទេសថៃ ដែលជាសម្ព័ន្ធមិត្ត និងជាដៃគូនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានសារៈសំខាន់ខ្លាំងសម្រាប់យើងនៅក្នុងតំបន់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសថៃ គឺជាសម្ព័ន្ធមិត្តដ៏ចំណាស់បំផុតរបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ី ដែលមានប្រវត្តិល្បីល្បាញធ្លាប់ផ្តល់សត្វដំរីដល់អតីតប្រធានាធិបតីអាមេរិក លោក Abraham Lincoln អំឡុងសង្គ្រាមស៊ីវិល ប៉ុន្តែបច្ចុប្បន្នប្រទេសថៃ ក៏កំពុងសហការកាន់តែច្រើនជាងមុនជាមួយមហាយក្សចិន ផងដែរ ដែលធ្វើឱ្យសហរដ្ឋអាមេរិក មានការព្រួយបារម្ភ។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក រូបនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មកកាន់ប្រទេសថៃ ដោយក្នុងនោះរដ្ឋមន្ត្រីការបរទេសចិន បានឡើងពីការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់របស់រដ្ឋាភិបាលក្រុងប៉េកាំង លើហេដ្ឋារចនាសម្ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here