គម្រោងសាងសង់ចំនួនជិត២ពាន់ ទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារត្រូវបានអនុម័តក្នុងឆមាសទី១

ដោយ៖ សុផារី

ភ្នំពេញ៖ រយៈពេល៦ខែ ឆ្នាំ២០២២នេះ កម្ពុជាបានអនុម័តគម្រោងសាងសង់ចំនួន១.៩៨៤គម្រោង ក្រោមទុនវិនិយោគជាង១ពាន់លានដុល្លារ។

យោងតាមទិន្នន័យសំណង់របស់ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ បង្ហាញថា នៅរយៈពេលពាក់កណ្តាល នៃឆ្នាំ២០២២ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់មាន១.៩៨៤គម្រោង និងទុនវិនិយោគ មាន១.០៤១លានដុល្លារអាមេរិក។

លោក ឆារស៍ វ៉ាន់ តំណាងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ ក្នុងកម្មវិធីជួបជុំសំណេះសំណាល និងទំនាក់ទំនងធុរកិច្ចសំណង់ លើកទី១២ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ថា នៅឆ្នាំ២០២១ ក្រសួងបានផ្ដល់លិខិតអនុញ្ញាតសាងសង់ មានចំនួន៤.៣០៣គម្រោង មានទុនវិនិយោគជាង៥.៣៣៣លានដុល្លារអាមេរិក និងក្នុងឆ្នាំ២០២០ មានចំនួន៤.៨៤១គម្រោង ដែលប៉ាន់ស្មានទុនវិនិយោគ មានជាង៧.៧៥៣លានដុល្លារអាមេរិក។

លោកបានបញ្ជាក់ថា តាមប្រភពនៃការព្យាករណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យឃើញថា វិស័យសំណង់ និងអចលនវត្ថុ នឹងមានការកើនឡើង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាល គឺនៅឆ្នាំ២០២២ បានព្យាករណ៍ថា វិស័យសំណង់ នឹងមានការកើនឡើង៥.៤% រីឯវិស័យអចលនទ្រព្យកើន៤.១% ហើយវិស័យទាំង២នេះ នឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគិតថា ការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ នឹងមានកំណើនឡើងវិញ ហើយក៏នឹងអាចផ្ដល់ការងារ ឲ្យប្រជាពលរដ្ឋមានការងារធ្វើ រហូតដល់រាប់សិបម៉ឺននាក់ផងដែរ។ ទាំងនេះ គឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិ ឲ្យមានចរន្តការឡើងវិញ បន្ទាប់ពីមានវិបត្តិកូវីដ-១៩។

យោងតាមសារាចរណែនាំស្តីពី “ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣” ឱ្យដឹងថា វិស័យសំណង់ ត្រូវបានព្យាករថា នឹងបន្តងើបឡើងវិញក្នុងអត្រា៧,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃរំហូរវិនិយោគទុនពីបរទេស សម្រាប់សំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។

សំណង់លំនៅឋានថ្លៃទាប និងមធ្យម ត្រូវបានរំពឹងថា នៅបន្តរក្សាកំណើនល្អប្រសើរ ដោយសារការកើនឡើង នៃតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងការរៀបចំគ្រួសារ ស្របគ្នានឹងនិន្នាការនៃការកើនឡើងការវិនិយោគក្នុងស្រុក។

ចំណែកវិស័យអចលនទ្រព្យវិញ ត្រូវបានព្យាករថា នឹងបន្តងើបឡើងក្នុងអត្រា៥,២ភាគរយ ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកនូវការងើបឡើងវិញ នៃសកម្មភាពទិញ-លក់ និងជួលអចលនទ្រព្យថ្លៃខ្ពស់ ខុនដូ និងអាផាតមិន ស្របពេលការវិនិយោគ និងតម្រូវការក្នុងស្រុកលើអចលនទ្រព្យ ផ្នែកលំនៅឋានថ្លៃទាបនិងមធ្យម ត្រូវបានរំពឹងទុកថាបន្តរក្សាកំណើនល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here