ក្រសួងគ្រោងរៀបចំរចនាសម្ព័ន្ធដើម្បីជំរុញការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជា

ដោយៈ លក្ខិណា

ភ្នំពេញៈ ដើម្បីជំរុញ និងសម្រួលដល់ការប្រើប្រាស់យានយន្តអគ្គិសនីក្នុងប្រទេសកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំនូវសិក្ខាសាលានិងប្រមូលធាតុចូល ដើម្បីធ្វើឱ្យប្រសើរឡើងដល់ផែនទីបង្ហាញ ផ្លូវ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី សម្រាប់ជំរុញឱ្យមានការប្រើប្រាស់យាយន្តនេះកាន់តែច្រើននិងទូលំទូលាយ។

លោកឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី៨ កក្កដា ២០២២នេះ បានជំរុញលើកទឹកចិត្តឱ្យសិក្ខាកាម ទាំងអស់ផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានផុសផុល ដើម្បីឱ្យផែនទីចង្អុលផ្លូវរបស់យើង កាន់តែមានភាពប្រសើរឡើង និងកាន់តែមានសារៈសំខាន់សម្រាប់ការប្រើប្រាស់នៅថ្ងៃអនាគត។

លោកបានជំរុញលើកទឹកចិត្ត ឱ្យសិក្ខាកាមទាំងអស់ចូលរួមផ្តល់មតិយោបល់ ក៏ដូចជាធាតុចូលឱ្យបានផុសផុល ដើម្បីឱ្យការសិក្សាផែនទីបង្ហា​ញផ្លូវ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី មានភាពស៊ីជម្រៅ និងផ្អែកតាមបទពិសោធន៍ដែលបានជួបប្រទះ ដើម្បីទទួលបានលទ្ធផលល្អក្នុងការជំរុញឱ្យផែនទីបង្ហាញផ្លូវនេះ មានព័ត៌មានគ្រប់ជ្រុងជ្រោយលើការកំណត់ទីតាំង ស្ថានីយសាកយានយន្តអគ្គិសនី ឱ្យស្របតាមតម្រូវការក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត និងសំដៅធ្វើយ៉ាងណាឱ្យសម្រេចបានតាមគោលដៅ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រគល់ភារកិច្ចនេះ ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកដឹកនាំ និងសម្របសម្រួល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន មានឧបករណ៍បញ្ចូ​លថាមពល យានយន្តអគ្គិសនីសរុបចំនួន៥គ្រឿង ក្នុងនោះ៤គ្រឿង ជាជំនួយរបស់អង្គការUNDP និង១គ្រឿង ទៀតជារបស់ក្រុមហ៊ុនប្រេងឥន្ធនៈឈេហ្វរ៉ុន(Chevron) ហើយតាមផែនការ ក្រុមហ៊ុននឹងតម្លើងឧបករណ៍នេះឱ្យបាន៣០០គ្រឿង ក្នុងរយៈពេល០៣ឆ្នាំបន្ទាប់។

បន្ថែមពីលើនេះ ដៃគូឯកជន (China Chamber of Commerce) ក៏បានសន្យាគាំទ្រ ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយជាជំហានដំបូងផ្តល់ស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០គ្រឿង។ ក្រៅពីនេះ ក្រសួងក៏បានជួបជាមួយតំណាងក្រុមហ៊ុន ប្រេងឥន្ធនៈធំៗចំនួន៥ផងដែររួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនកម្ពុជាតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ដើម្បីពិភាក្សាស្តីពីការដំឡើងឧបករណ៍បញ្ចូល ថាមពលយានយន្តអគ្គិសនី នៅតាមទីតាំងនៃបណ្តាស្ថានីយប្រេងឥន្ធនៈទាំងនេះផងដែរ ។

ក្នុងពេលតម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ សម្ដេចតេជោហ៊ុន សែនក៏បានជំរុញនិងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋប្រើប្រាស់យានយន្ត ដែលស៊ីសាំងតិច ឬអាចប្រើប្រាស់យានយន្តអគ្គិសនី បើសិនជាមានលទ្ធភាពក្នុងការប្រើប្រាស់បាន ដើម្បីកាត់បន្ថយការចំណាយថ្លៃប្រេងផង និងជួយដល់បរិស្ថានផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here