កម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញនាំចូលឡើងវិញនៅចុងឆ្នាំនេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍នេះឡើងវិញ ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ធ្នូ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ។ នេះបើតាមសេចក្ដីប្រកា​សព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៦កក្កដា២០២២នេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មឱ្យបានដឹងថា ក្នុងឱកាសនៃការរៀបចំពិព័រណ៍ខាងលើ ក្រសួងមានរៀបចំ ព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនដូចជា សិក្ខា សាលាស្តីពីការជំរុញ សកម្មភាព ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះអនុស្សរណៈ យោគយល់លើ កិច្ចការ ពាណិជ្ជកម្ម ត្រូវបានរៀបចំឡើង ដើម្បីជួយគាំទ្រនិងអភិវឌ្ឍន៍វិស័យឯកជន។

សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឱ្យមានសកម្មភាពរស់រវើកឡើងវិញ បន្ទាប់ពីបានអាក់ខានមួយរយៈដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើន សេដ្ឋកិច្ចជាតិ។ ព្រឹត្តិការណ៍ពាណិជ្ជកម្មខាងលើ នឹងផ្តល់នូវកាលានុវត្តភាពថ្មី ក្នុងការតភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្មក្នុងស្រុករវាង រាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា និងរវាងកម្ពុជា ជាមួយអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្មសូមអញ្ជើញ វិនិយោគិន សហគ្រិន ផលិតករ ពាណិ​ជ្ជករ  ដែលមានបំណងចង់ចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិត​ផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាលើកទី១៥ ឆ្នាំ២០២២ ឬមាន គម្រោង ស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគឬមានគម្រោងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាជាមួយដៃគូរបស់ខ្លួន សូមអញ្ជើញមកបំពេញបែបបទចូលរួម និងផ្ញើគម្រោងរបស់ខ្លួន មកអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ជាកំហិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here