សាំងធម្មតារក្សាតម្លៃដដែលខណៈម៉ាស៊ូតហក់ឡើង២០០រៀល បន្ថែមទៀតក្នុងមួយលីត្រ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣០ មិថុនា ២០២២ តម្លៃប្រេងសាំងធម្មតាលក់រាយលើទីផ្សារកម្ពុជា ត្រូវកំណត់៥៨០០រៀលក្នុងមួយលីត្រ ប៉ុន្តែតម្លៃប្រេងម៉ាស៊ូត បានហក់ឡើងពី៦១០០រៀលក្នុងមួយលីត្រ ដល់៦៣០០រៀលក្នុងមួយលីត្រ គឺឡើង២០០រៀលបន្ថែមទៀតក្នុងមួយលីត្រ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជាចេញផ្សាយនៅថ្ងៃទី២១ មិថុនា ២០២២នេះឱ្យដឹងថា តាមពិតទៅបើផ្អែកលើទីផ្សារប្រេងអន្តរជាតិ តម្លៃប្រេងសាំងធម្មតា នៅកម្ពុជានឹងត្រូវលក់៦០៦៤រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតត្រូវលក់៦៥៦៤រៀល ក្នុងមួយលីត្រ ។ ប៉ុន្តែដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមពីក្រុមហ៊ុនប្រេងឥន្ធនៈ សម្ដេចតេជោហ៊ុនបានជួយបញ្ចុះតម្លៃប្រេងឥន្ធនៈក្នុងមួយលីត្រ៦,៥សេន ទើបធ្វើឱ្យតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតលក់តម្លៃ ៥៨០០រៀលនិង៦៣០០រៀលក្នុងមួយលីត្រ។

ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ក៏ដូចជា នៅលើពិភពលោក ត្រូវបានមើលឃើញយ៉ាងច្បាស់ ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយបើសិនជាសង្គ្រាមនេះ កាន់តែអូសបន្លាយយូរបន្ថែមទៀត វានឹងធ្វើឱ្យតម្លៃប្រេងឥន្ធនៈ កាន់តែហក់ឡើងថ្លៃបន្ថែមទៀតផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាក្ដីតាមប្រទេសមួយចំនួនតម្លៃប្រេងឥន្ធនៈ មានតម្លៃខ្ពស់ជាងកម្ពុជា និងមួយចំនួនទៀតក៏ទាបជាងកម្ពុជា  ហើយប្រទេសខ្លះទៀតក៏មិនមានប្រេងឥន្ធនៈ សម្រាប់ផ្គត់ផ្គង់លើទីផ្សាររបស់ខ្លួនផងដែរ។ ដោយកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលអះអាងថា នឹងមិនឱ្យខ្វះប្រេងឥន្ធនៈសម្រា​ប់ប្រើប្រាស់ឡើយ ទោះបីជាតម្លៃប្រេងបន្តកើនឡើងក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here