កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅសប្ដាហ៍ក្រោយ

ដោយសុខុម

ភ្នំពេញ: កម្ពុជា បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ នៅថ្ងៃទី២២ ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃសុក្រ ទី១៧ ខែមិថុនា។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលអញ្ជើញមកពីគ្រប់ប្រទេសជាសមាជិកអាស៊ាន។

តាមការរំពឹងទុក ឯកសារមួយចំនួននឹងត្រូវអនុម័តក្នុងកិច្ចប្រជុំក្នុងពេលដ៏ខ្លីខាងមុខនេះរួមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន ផងដែរដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ឆ្លងដែន ការលើកកម្ពស់យន្តការគាំទ្រដល់កងកម្លាំងរក្សាសន្តិភាពជាស្ត្រីអាស៊ាន និងការបង្កើតកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្ដាស្ថាប័នអប់រំយោធាអាស៊ាន។

លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសរបស់ក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា តាមការរំពឹងទុក កិច្ចប្រជុំនេះក៏នឹងគាំទ្រចក្ខុវិស័យរបស់ក្រុងភ្នំពេញ ស្តីពីតួនាទីរបស់បណ្ដាស្ថាប័នការពារជាតិផងដែរនៅក្នុងការគាំទ្រការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ និងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមរមនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា “ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ កម្ពុជា ប្តេជ្ញាលើកកម្ពស់សាមគ្គីភាពរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមនានាផ្នែកសន្តិសុខនាពេលបច្ចុប្បន្ន និងដែលកំពុងកើតមាននៅក្នុងតំបន់”។

លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ មានប្រសាសន៍បន្ថែមទៀតថា ក្រៅពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ ក៏នឹងមានកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន តាមប្រព័ន្ធអនឡាញ និងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ដែលធ្វើឡើងដោយផ្ទាល់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here