វៀតណាមពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thành តម្លៃ១៦ពាន់លានដុល្លារ

ដោយៈ សុខុម

ហាណូយ: ដើម្បីឱ្យគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិឡុងថាញ់ (Long Thành International Airport) បញ្ចប់តាមការគ្រោងទុក រដ្ឋាភិបាលវៀតណាម បានបង្កើតក្រុមការងារអន្តរវិន័យ ដែលមានសមាសភាពមន្ត្រីក្រសួងដឹកជញ្ជូន និងក្រសួងសំណង់ ហើយអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នឹងចុះពិនិត្យមើលការដ្ឋានសំណង់ រៀងរាល់សប្តាហ៍ ដើម្បីជំរុញការងារគម្រោងនេះឱ្យដំណើរការទៅមុខ។

វិធានការថ្មីទាំងនេះ ត្រូវបានប្រកាសក្នុងកិច្ចប្រជុំ ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនា ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី Lê Văn Thành ដែលជាប្រធានគណៈកម្មការដឹកនាំគម្រោងនេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែមិថុនា។

លោក Lê Văn Thành បានលើកឡើងថា គណៈកម្មការនេះនឹងធ្វើការកោះប្រជុំជារៀងរាល់ខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃគម្រោងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Nguyễn Văn Thể បានគូសបញ្ជាក់ថា គម្រោងនេះ កំពុងស្ថិតក្នុងស្ថានភាពវឌ្ឍនភាពដ៏ត្រឹមត្រូវ ហើយមិនត្រូវពន្យារពេលបន្ថែមទៀតឡើយ ពោលគឺធ្វើយ៉ាងណាឱ្យគម្រោងនេះ អាចដំណើរការសាកល្បងនៅដើមឆ្នាំ២០២៥។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Centre For Aviation ឱ្យដឹងថា ដំណាក់កាលទី១ នៃគម្រោងអាកាសយានដ្ឋាន ដែលគ្របដណ្ដប់លើផ្ទៃដីជាង៥.៥៨០ហិកតានេះ នឹងចំណាយអស់៤,៦ពាន់លានដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៥។

នៅក្នុងដំណាក់កាលទី១ អាកាសយានដ្ឋាននេះត្រូវបានរំពឹងថា នឹងមានសមត្ថភាពទទួលអ្នកដំណើរ លើសពី២៥លាននាក់ និងទំនិញ១,២លានតោនក្នុងមួយឆ្នាំៗនៅត្រឹមឆ្នាំ២០២៥។

នៅក្នុងដំណាក់កាលទី២ ក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម (Airports Corporation of Vietnam) នឹងអភិវឌ្ឍផ្លូវយន្តហោះរត់ទី២ ហើយនឹងបន្ថែមចំណតអ្នកដំណើរ ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរឱ្យបាន៥០លាននាក់ និងទំនិញ១,៥លានតោនក្នុងមួយឆ្នាំៗ។

បន្ទាប់មក នៅក្នុងដំណាក់កាលផ្ដាច់ព្រ័ត្រ គម្រោងដែលចំណាយអស់សរុបរហូតដល់ទៅ១៦ពាន់លានដុល្លារអាមេរិក នេះនឹងមានសមត្ថភាពទទួលអ្នកដំណើរ១០០លាននាក់ និងទំនិញ៥លានតោនក្នុងមួយឆ្នាំៗនៅត្រឹមឆ្នាំ២០៥០។ គម្រោងអាកាសយានដ្ឋាននេះ មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រនាភាគឦសាន នៃអាកាសយានដ្ឋាន Tan Son Nhat Airport ក្នុងក្រុងហូជីមិញ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here