៥ខែដើមឆ្នាំអគ្គនាយកដ្ឋានពន្ធដាររកចំណូលបានជាង១៧០០លានដុល្លារអាមេរិក

 ដោយៈសុផារី

ភ្នំពេញៈ ចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រកចំណូលបានជាង១៧២៦លានដុល្លារអាមេរិក ស្មើនឹង៦១,២៥ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។

បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១កន្លងទៅមានកំណើន២៧,៩៥ភាគរយ ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារនៅល្ងាចថ្ងៃទី១៤ មិថុនា ២០២២។

របាយការណ៍ដដែលនេះឱ្យដឹងថា ក្នុងខែឧសភា២០២២កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ រកចំណូលបានជាង៩១១,២៤ពាន់លានរៀលឬប្រមាណ២២៥លានដុលល្លារអាមេរិក ស្មើនឹង៧,៩៨ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ធៀបនឹងខែឧសភាឆ្នាំមុនមានកំណើន១៤៧ពាន់លានរៀល ប្រមាណ៣៦,៣៧លានដុល្លារស្មើនឹង១៩,២៨ភាគរយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងខែឧសភា ២០២២ចមណូលពីប្រភេទពន្ធសំខាន់ៗ បានបន្តរក្សាកំណើនឡើង គួរឱ្យកត់សម្គាល់ធៀបនឹខែឧសភា ២០២១ រួមមានពន្ធលើប្រាក់ចំណូល ១៥,៤ភាគរយ អាករលើតម្លៃបន្ថែម២២,៣២ភាគរយ ពន្ធលើប្រាក់បៀវត្សរ៍៤,៤៣ភាគរយ អាករពិសេស៤៦,៤៧ភាគរយ និងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ មានកើនឡើង៥៣,០៦ភាគរយ ។ បើសរុបទាំង៥ខែកន្លងមកនេះ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនក្នុងរង្វង់២៥ ភាគរយទៅ៤៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។

លោកគង់ វិបុលរដ្ឋម​ន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា ជាយុទ្ធសាស្ត្រនៃការប្រមូលចំណូលពន្ធ អគ្គនាយកដ្ឋានពន្ធដារនៅតែបន្តកៀរគរចំណូល សម្រាប់រកចំណូលដល់ការចំណាយរបស់រដ្ឋាភិបាល។

លោកបន្តថា “ការបង់ពន្ធជូនរដ្ឋបានត្រឹមត្រូវ និងស្មើភាពគ្នាគឺជាការចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពីព្រោះថាការចំណាយរបស់រដ្ឋាភិបាលគឺបានមកពីពន្ធនេះផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here