ប្រទេសចិនបានផ្តល់មូលនិធិដល់កម្ពុជាចំនួន៤,៣លានដុល្លារក្រោមគម្រោងឡានឆាង-មេគង្គ

ដោយៈ លាងហួរ

ភ្នំពេញៈ ប្រទេសចិន កាលពីថ្ងៃចន្ទបានផ្តល់ថវិកាជាង៤,៣លានដុល្លារ ដល់កម្ពុជា លើមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ (LMC) ឆ្នាំ២០២២ សម្រាប់អនុវត្តគម្រោងចំនួន១៣ក្នុងប្រទេសកម្ពុជា។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់មូលនិធិនៅទីក្រុងភ្នំពេញ។

គម្រោងថ្មីនេះផ្តោតលើផ្នែកការពារបរិស្ថាន សេដ្ឋកិច្ចឌីជីថល អាកាសចរណ៍ លំនៅដ្ឋាន ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍ និងការគ្រប់គ្រងព្រំដែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក វ៉ាង វិនធាន បានមានប្រសាសន៍ថា សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍ពីគម្រោងមូលនិធិពិសេស (LMC)សរុបចំនួន៨០ ជាមួយនឹងថវិកាសរុបជាង៣១លានដុល្លារអាមេរិក។

លោកបានបន្តថា កម្ពុជាតែងតែជាអ្នកចូលរួម និងជាអ្នកផ្សព្វផ្សាយដ៏សំខាន់ ក្នុងគម្រោងឡានឆាង-មេគង្គតាំងពីដំបូងមក។

លោកបានបន្ថែមថា គម្រោងឡានឆាង-មេគង្គបានក្លាយជាយន្តការកិច្ចសហប្រតិបត្តិការ ដែលកំពុងរីកចម្រើនខ្លាំងបំផុត ហើយចាប់តាំងពីមានកូវីដ១៩ ប្រទេសដែលជាសមាជិកក្នុងគម្រោង LMC ចំនួនប្រាំមួយ បានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងជំរុញការស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការសហការជាមួយប្រទេសកម្ពុជា និងប្រទេសសមាជិកគម្រោងLMC ផ្សេងទៀត ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត និងរក្សាសន្តិសុខនៃប្រទេសសមាជិកLMC ទាំងអស់ឆ្ពោះទៅរកសហគមន៍ ដែលមានអនាគតរួមគ្នា។

ប្រទេសជាសមាជិកគម្រោងឡានឆាង-មេគង្គ(LMC)ទាំង៦រួមមានប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងប្រទេសវៀតណាម។

លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា ចាប់តាំងពីការបើកដំណើរការគម្រោងឡានឆាង-មេគង្គនៅឆ្នាំ២០១៦មូលនិធិពិសេស LMC បានផ្តល់នូវលទ្ធផលជាក់ស្តែង និងបានចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃប្រទេសជាសមាជិកគម្រោង LMC ។

លោកបន្តថា “យើងបានបង្រួមគម្លាតនៃការអភិវឌ្ឍន៍របស់យើងបន្ថែមទៀត តាមរយៈការអភិវឌ្ឍន៍រួមបញ្ចូលគ្នា និងអន្តរទំនាក់ទំនង ហើយបានពង្រឹងសមត្ថភាពរបស់យើង ក្នុងការឆ្លើយតបកាន់តែប្រសើរឡើង ចំពោះតម្រូវការរបស់ប្រជាជនយើង”។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែក និងការគាំទ្រជាបន្តបន្ទាប់ដែលផ្តល់ដោយប្រជាជន និងរដ្ឋាភិបាលនៃប្រទេសចិនចំពោះកម្ពុជា។

លោកបានមានប្រសាសន៍ថា ទោះបីជាផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩រួមជាមួយនឹងបញ្ហាប្រឈមជាសាកល និងក្នុងតំបន់ផ្សេងទៀតក៏ដោយ យើងមកទីនេះនៅថ្ងៃនេះ ដើម្បីអបអរសាទរ និង ដើម្បីបញ្ជាក់ឡើងវិញនូវជំនឿនិងការប្តេជ្ញាចិត្តរបស់យើងនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដែលផ្តោតលើការអភិវឌ្ឍន៍រួមគ្នានេះ។

លោក ប្រាក់ សុខុន បានបន្ថែមថា គម្រោងថ្មីទាំងនេះនឹងចូលរួមចំណែកបន្ថែម ក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍នៅកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម បរិស្ថាន ការកសាងសមត្ថភាព និងបេតិកភណ្ឌវប្បធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here