​អគ្គនាយកដ្ឋាន​ពន្ធដារអំពាវនាវជាថ្មីឱ្យ​វិនិយោគិន​ចិន​បំពេញ​កាតព្វកិច្ច​ពន្ធ​ឱ្យ​បាន​ត្រឹមត្រូវ

ដោយ៖ សហការី

ភ្នំពេញៈ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារជំរុញ​ និង​លើក​ទឹក​ចិត្ត​ចំពោះ​វិនិយោគិន​ចិន​ទាំងឡាយ​ចូលរួម​បំពេញ​កាតព្វកិច្ច​សារពើពន្ធ និង​ចុះ​បញ្ជីពន្ធដារ​ឱ្យ​បាន​ត្រឹមត្រូវ និង​ស្រប​តាម​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ជា​ធរមាន។

នេះបើតាមលោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ ​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​ភាព​ជា​ដៃគូ​អគ្គនាយកដ្ឋាន​ពន្ធដារ-សភា​ពាណិជ្ជកម្ម​ចិន (កម្ពុជា) ជាមួយ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ នៃ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា នៅក្នុងសប្តាហ៍នេះ។

លោកបាន​ថ្លែង​ថា វេទិកា​ពិភាក្សា​នេះ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ និង​អនុលោម​ភាព​សារពើពន្ធ​ស្រប​ពេល​ដែល​ការិនិយោគ​ផ្ទាល់​ពី​ប្រទេស​ចិន តាំង​ពី​ឆ្នាំ១៩៩៤ មក​រហូត​ដល់​បច្ចុប្បន្ន​នេះ បាន​ឈរ​នៅ​លំដាប់​លើ​គេ ក្នុង​ចំណោម​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក្នុង​នោះ​បាន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​មាន​ដូចជា វិស័យ​កសិកម្ម និង​កសិ-ឧស្សាហកម្ម វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល សំណង់ ទេសចរណ៍ សេវាកម្ម និង​ហេដ្ឋរចនាសម្ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹម​នឹង​នេះ​ដែរ លោក​អគ្គនាយក​បានមានប្រសាសន៍​ថា “ខ្ញុំ​សូម​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ចិន​ទាំងឡាយ ទាំង​សហគ្រាស​ជា​អ្នក​ជាប់​ពន្ធ​ធំ ពន្ធ​មធ្យម និង​ពន្ធ​តូច​ក្នុង​ការ​ចូលរួម​បំពេញ​កាតព្វកិច្ច​សារពើរពន្ធ។ ដោយ​ឡែក ​អ្នក​ដែល​មិន​ទាន់​បាន​មក​ចុះ​បញ្ជី​ពន្ធដារ សូម​មក​ចូលរួម​ចុះ​បញ្ជី​ពន្ធដារ និង​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ ស្រប​តាម​ច្បាប់​ស្តីពី​ពន្ធដារ​ជា​ធរមាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here